ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ ក្មេងទំនើង១ក្រុម មានគ្នាប្រហែល៥នាក់ បានជិះម៉ូតូម៉ាកឌ្រីមចំនួន៣គ្រឿង ដោយអ្នកខ្លះទាញយកមួកសុវត្ថិភាព និងខ្លះទៀតដកយកខ្សែក្រវាត់ពីចង្កេះវាយទៅលើយុវជនម្នាក់ ដែលកំពុងជិះម៉ូតូនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥៧ កណ្តាលទីក្រុងប៉ៃលិន រួចនាំគ្នាជិះម៉ូតូគេចខ្លួន ។ តែក្រោយទទួលពាក្យបណ្តឹងពីអាណាព្យាបាលរបស់យុវជនរងគ្រោះ នគរបាលបានតាមក្របួចបានម្នាក់ ខណៈ០៤នាក់ទៀត កំពុងរត់គេចខ្លួន។

ហេតុការណ៍នគរបាល នៃអធិការក្រុងប៉ៃលិន ចាប់ឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោម០៥នាក់ ដែលប្រើអំហិង្សាទៅលើយុវជនរងគ្រោះនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សូមបញ្ជាក់ថា ហេតុការណ៍ដែលក្មេងទំនើង១ក្រុម នាំគ្នាព្រួតវាយទៅលើយុវជនរងគ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង០២នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅទល់មុខនឹងហាងលក់ម៉ូតូ១កន្លែង ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យភ្នាក់ងារកោះសន្តិភាពដឹងនៅវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី១៥ សីហានេះថា ៖ ជនរងគ្រោះមានឈ្មោះ រ៉ា យូឌី ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ចំណែកជនដៃដល់ ដែលនគរបាលចាប់ឃាត់ខ្លួនមានឈ្មោះ រ៉េត សុវណ្ណារិទ្ធ ហៅសាក់ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ដោយវាយជនរងគ្រោះនឹងខ្សែក្រវ៉ាត់។

ដោយឡែក ជនសង្ស័យចំនួន០៤នាក់ទៀត អ្នកខ្លះជាសិស្ស ខ្លះជាជាងជួសជុលរថយន្ត និងអ្នកខ្លះមានមុខរបរមិនពិតប្រាកដ កំពុងនាំគ្នារត់គេចខ្លួន តែនគរបាលបានកំណត់មុខសញ្ញារួចរាល់អស់ហើយ កំពុងបន្តតាមចាប់ឃាត់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងចេញពីរៀនភាសារអង់គ្លេស នៅសាលាឯកជនខ្មែរអន្តរជាតិ ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះពេលជិះទៅដល់មុខហាងលក់ម៉ូតូឈ្មោះ ទូច ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ស្រាប់តែក្មេងទំនើងជាជនសង្ស័យទាំងនោះ ជិះម៉ូតូមកកាក់ពីមុខ និងពីក្រោយហើយភ្លាមៗ នោះមានជនដៃដល់ម្នាក់បានទាញយកមួកសុវត្ថិភាព ពណ៌ខ្មៅវាយទៅលើក្បាលជនរងគ្រោះពេញទំហឹងជាច្រើនដង។

រីឯឈ្មោះ រ៉េត សុវណ្ណារិទ្ធ បានទាញយកខ្សែក្រវាត់ពណ៌ស វាយទៅលើជនរងគ្រោះពីក្រោយខ្នង ហើយក្រោយបង្កហិង្សារួច ក្មេងទំនើងទាំងនោះក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួអស់តែម្តង។ លោក យ៉ែម សារិទ្ធ បានបញ្ជាក់ថា បើតាមការបំភ្លឺពីជនរងគ្រោះថា រូបគេធ្លាប់មានបញ្ហាជំនាស់គ្នាជាមួយនឹងជនបង្កនោះកាលពីមុន រីឯអ្នកខ្លះរូបគេមិនធ្លាប់ស្គាល់ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ កម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋប៉ៃលិន និងបយ៉ាខា ចុះស៊ើបអង្កេត និងស្រាវជ្រាវកំណត់មុខសញ្ញាបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៨ និង៣០នាទីព្រឹក ដោយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉េត សុវណ្ណារិទ្ធ នៅក្នុងផ្ទះរបស់ខ្លួន ហើយនាំយកទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរបន្ថែម។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្ម ភាពប្រើអំពើហិង្សា(វាយទៅលើជនរងគ្រោះដោយមួកសុវត្ថិភាព និងខ្សែក្រវាត់ ពិតប្រាកដមែន)។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងសហការជាមួយកម្លាំងពាក់ព័ន្ធធ្វើការស្រាវជ្រាវស្វែងរកជនបង្កចំនួន០៤នាក់ទៀត ដែលបានរត់គេចខ្លួន ។
បើយោងតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ដែលបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សំណូមពរឱ្យសមត្ថកិច្ច ចាត់ការចំពោះជនបង្កទៅតាមនីតិវិធីច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន៤,០០០,០០០រៀល៕
ចែករំលែកព័តមាននេះ