ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ម្ចាស់​សិប្បកម្ម លួច​វេច​ខ្ចប់​ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប ក្លែងបន្លំ​ម៉ាក​ឆេ​ហ្វ​៥៥ ដោយ​ខុសច្បាប់ ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ម្ចាស់​សិប្បកម្ម​លួច​វេច​ខ្ចប់…

រាជធានី​ភ្នំពេញ ៖ លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ម្ចាស់​សិប្បកម្ម​លួច​វេច​ខ្ចប់ ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប ក្លែងបន្លំ​ម៉ាក ឆេ​ហ្វ​៥៥ ដោយ​ខុសច្បាប់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ក្លែងបន្លំ​លើ​ផលិតផល​ទំនិញ​ និង​សេវា​ ។

ម្ចាស់​សិប្បកម្ម​នោះ​មានឈ្មោះ អ៊ី​វ សា​រិ​ន ភេទ​ប្រុស អាយុ​៤៦ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ភ្លេង​ឆេះ​រទេះ​ខាងលិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​។

តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​​ជន​ត្រូវ​ចោទ​ពី​បទ​.​ក្លែងបន្លំ​លើ​ផលិតផល​ទំនិញ​និង​សេវា ប្រព្រឹត្ត​នៅ​ចំណុច​ដី​ឡូ​គ្មាន​លេខ នៅផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​រថភ្លើង ភូមិ​ភ្លេង​ឆេះ​រទេះ​ខាងលិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ តាម​បញ្ញត្តិ​មាត្រា ១៦ មាត្រា ១៧ និង​មាត្រា ៦៣ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុ​វត្តិភាព​លើ​ផលិតផល​ទំនិញ និង​សេវា​។ ដីកា​បាន​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​នាំ​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ PJ ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រី ក​.​ប​.​ប សាខា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​មួយ​កន្លែង ​ស្ថិត​នៅ​សង្កាត់​ភ្លើង​ឆេះរ​ទះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដែល​បាន​និង​កំពុង វេច​ខ្ចប់ ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប ក្លែងបន្លំ​ម៉ាក ឆេ​ហ្វ 55 ដោយខុសច្បាប់ ដែល​ម្ចាស់​សិប្បកម្ម​មានឈ្មោះ អ៊ី​វ សា​រិ​ន បាន​នាំ​ចូល ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប គ្មាន​ម៉ាក​យីហោ​មក​ពី​ប្រទេស​ចិន រួច​លួច លាក់​ធ្វើការ​វេច​ខ្ចប់​ដាក់​ម៉ាក ឆេ​ហ្វ​៥៥ ប្រើប្រាស់​ស្លាក​សញ្ញា​គុណភាព បា​កូដ និង​អាសយដ្ឋាន​ផលិត​នៅ​ប្រទេស​ថៃ រួច​ធ្វើការ​លក់​ចែកចាយ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្លែងបន្លំ​ដល់​អ្នក​ប្រើប្រាស់​ថា​ ជា​ផលិតផល​របស់​ប្រទេស​ថៃ​ ។

​ក្នុង​ការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​សម្ភារៈ ​វត្ថុ​តាង​ដូច​ជា ៖ ប៊ី​ចេ​ង ម្សៅ​ស៊ុប​វេច​ខ្ចប់​រួច រួម​នឹង​សម្បក​ថង់ សម្បក​កេស សម្បកបាវ ម៉ាក ឆេ​ហ្វ 55 ខុសច្បាប់ ប្រមាណ​ជាង ៣០​តោន​,​ ម៉ាស៊ីន​វាយ​កាលបរិច្ឆេទ ០១​គ្រឿង​,​ ម៉ាស៊ីន​វេច​ខ្ចប់​ធំ​០២​គ្រឿង​, ​ម៉ាស៊ីន​វេច​ខ្ចប់​តូច​០៣​គ្រឿង​, ​ម៉ាស៊ីន​អ៊ុត​កេស ០២​គ្រឿង​, ​ម៉ាស៊ីន​រ៉ៃ​០២​គ្រឿង​,​ រថយន្ត​ដឹក​ទំនិញ​០៤​គ្រឿង និង​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទំនិញ​០៦​គ្រឿង​ ។

ក្រោយ​ពី​ការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង ដោយ​ពិនិត្យ​ឃើញ​ថា ​សម្ភារៈ​ទាំងអស់​បំរើ​ឲ្យ​ការងារ​វេច​ខ្ចប់ ដឹក​ជញ្ជូន ចែកចាយ​ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប​ម៉ាក ឆែ​ស 55 ក្លែងបន្លំ​ប្រភព​ផលិត ដូចនេះ​សមត្ថ កិច្ច​បាន​សម្រេច ដកហូត​សម្ភារៈ​ វត្ថុ​តាង​ទាំងអស់​ខាងលើ ហើយ​ធ្វើការ​បិទ​ផ្លំ​បេ​សិប្បកម្ម​មួយ​នេះ​ជា​បណ្តោះអាសន្ន រង់ចាំ​កា​រសម្រេច​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ី​វ សា​រិ​ន ភេទ​ប្រុស អាយុ​៤៦ឆ្នាំ ជនជាតិ​ខ្មែរ ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រួច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ច្បាប់​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ សមត្ថកិច្ច​បាន​បន្ត​ផ្តាំផ្ញើ និង​ក្រើនរំលឹក​ដល់​បងប្អូន​អាជីវករ សូម​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា រកស៊ី​ដោយ​សុច្ចរិត មិន​ក្លែងបន្លំ ឬ​ផលិត​នូវ​ផលិតផល​ក្លែងក្លាយ ដើម្បី​លើកកម្ពសសុខុមាលភាព​របស់​ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់ ក៏​ដូច ជា​លើកកម្ពស​មុខមាត់​ផលិតផល​ខ្មែរ​យើង​ស្របច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ