រាជធានីភ្នំពេញ ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានគូសបញ្ជាក់ថា ៖ (JBC) សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យរុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះតទៅទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដូចខាងក្រោម ៖

១. នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 46-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

២.នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 42-43 ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៣.នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ យោធាថៃ បានប៉ុនប៉ងធ្វើ សកម្មភាពរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅបរិវេណច្រកទ្វារព្រំ ដែនបឹងត្រកួន នៅកំណាត់ ខ្សែព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានឬទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយឃើញមានវត្តមានប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ព្រមទាំងអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅតំបន់នេះ យោធាថៃក៏សម្រេចបញ្ឈប់សកម្មភាព និងដកថយត្រឡប់ទៅវិញ ។

ប្រភពបានបញ្ជាក់ថា ៖ សកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនខាងលើនេះ គឺជាសកម្មភាពរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ។

ជាថ្មីម្តងទៀត គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យរុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះតទៅទៀតនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ