រដ្ឋបាលខេត្តពោធិ៍សាត់ នាំយកជំនួយឧបត្ថម្ភដល់កងទ័ពសមរភូមិមុខ និងពលរដ្ឋភៀសសឹកខេត្តព្រះវិហារ
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទឺរអង្គភាពមួយចំនួនទៀត បាននាំយកអំណោយរបស់ប្រជាជនខេត្តពោធិ៍សា និងសប្បុរសជននានា ទៅប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់ចាត់ចែងផ្គត់ផ្គង់ដល់កងទ៍ពជួរមុខ និងជនភៀសសឹក ដែលក្នុងឱកាសនោះក៍មានការអញ្ជើញចូលរួម ពីលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ផងដែរ ។
សម្ភារៈ រួមមាន អង្ករ៣០តោន, អង្ករដំណើប១០០គីឡូក្រាម, អំបុកលីងសាច់ផាត់ ៣០០កញ្ចប់ (របស់សាខាសមាគមនារីខេត្ត), ត្រីកេស ២៥គីឡូក្រាម, ប្រហុក១៣០គីឡូក្រាម, ត្រីងៀត ១៧គីឡូក្រាម, ត្រីប្រាហើម ១៦គីឡូក្រាម, ពងត្រីឆ្តោរ ៣គីឡូក្រាម, កំពឹសក្រៀម ២គីឡូក្រាម និងថវិកាមួយចំនួន ។
បន្ទាប់មក ថ្នាក់ដឹកនាំប្រតិភូខេត្តពោធិ៍សាត់ បានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅវត្តពោធ៍៥,០០០ដើម ដែលកំពុងរស់នៅបណ្ដោះអាសន្នក្រោមដំបូលតង់ ដែលមានការរៀបចំ និងយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត មានគ្រូពេទ្យ មានបន្ទប់ទឹក និងបាយសម្លផងដែរ ។
លោក ខូយ រីដា បានសម្ដែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាននាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅសមរភូមិក្រោយ ។
លោកបន្តថា យើងខ្ញុំជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារៈ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជននានា ពិសេសប្រជាពលរដ្ឋខេត្តធោធិ៍សាត់ទាំងមូល ។
ក្នុងនាមថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តពោធិ៍សាត់ លោកសម្ដែងការកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជន ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើដល់បងប្អូនជនភៀសសឹកទាំងអស់ រស់នៅអោយមានអនាម័យ ត្រូវចេះថែរក្សាសុខភាព ចៀសវាងការកើតជំងឺផ្សេងផ្សេង ក្នុងរដូវភ្លៀងធ្លាក់នេះ។ យើងរង់ចាំនៅពេលរាជរដ្ឋាភិបាល រកដំណោះស្រាយ ធ្វើអោយសភាពការទំនាស់ព្រំដែនកម្ពុជា-ថៃ ធម្មតាវិញហើយនោះ បងប្អូននឹងបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ៕
ចែករំលែកព័តមាននេះ