រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានី បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗ ប្រមាណជាង ២០កុងទ័រណឺ ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មានទាំងការដឹកចានឆ្នាំង ចំនួន១៥,០០០សម្រាប់ ចង្ក្រានហ្គេសចំនួន១៧,០០០ចង្ក្រាន និង ៣៤,០០០កំប៉ុងផងដែរ ។
ការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ប្រជាពលរដ្ឋខ្មែរបានសាគ្គីភាពជាធ្នុង១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា។ ចំណុចនេះ បានធ្វើឱ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទី ដែលមិនអាចខ្វះបានរបស់វីរកងទ័ព ជាខឿនការពារជាតិ ប្រជាជន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្រជាជនទាំងអស់ បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នងបង្អែកខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ដែលបានលើកទឹកចិត្តឱ្យកងទ័ពកាន់តែ មានភាពក្លាហាន។ រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋល្អ ដើម្បីធ្វើកិច្ចការងារបម្រើឱ្យជួរមុខ ទាំងសម្លារៈ ថវិកា និងស្មារតី បានល្អប្រសើរ។ បន្ថែមពីនេះ ប្រជាពលរដ្ឋ ព្រះសង្ឃទាំង២គណៈ បានធ្វើសកម្មភាពផ្សេងៗច្រើនទៀត ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញ ពីការឈ្លានពាររបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា កម្ពុជាចង់បានសន្តិភាព។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានរួមគ្នាជាមួយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដោយបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងថវិកាជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ ។
លោកបន្ថែមថា ក្រៅពីការងារខាងលើការងាររក្សាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញ ក៏បានអនុវត្តបានល្អប្រសើរ ជាមួយនិងការបង្ក្រាបល្បែងស៊ីសង់តាមអនឡាញបានជាច្រើនកន្លែងផងដែរ ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណ ចំពោះមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីបម្រើការងារទទួល និងបញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗទៅជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមិនបានសម្រាកឡើយទោះបីជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងឈាម ដែលស្រក់នៅតាមព្រំដែន។ ជាមួយគ្នានោះយើងក៏មិនអាចភ្លេច ចំពោះក្រុមការងារផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាប្រព័ន្ធអនឡាញ ដែលមិនបានធ្វើការងារខុសឆ្គង នៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ ដោយបានស្តាប់នូវការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល នេះបញ្ជាក់ឱ្យឃើញ ពីមហាសាមគ្គីភាព ដែលយើងមិនអាចភ្លេចបាន ។
គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៣ ក្នុងនោះរួមមាន ៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ៕



ចែករំលែកព័តមាននេះ