ខេត្តកំពត ៖ មន្ត្រីជំនាញលេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្តកំពតបានលើកឡើងថា ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកជំរុញទីផ្សារ ការផលិត ការដាំដុះ និងការចិញ្ចឹមរបស់ប្រជាកសិករឲ្យប្រកបដោយគុណភាព សុវត្ថិភាព និងបរិមាណច្រើន អាចផ្គត់ផ្គង់តម្រូវការទីផ្សារ មន្ត្រីលេខាធិការដ្ឋាននឹងរៀបចំផែនការសកម្មភាពឲ្យកាន់តែប្រសើរ ដើម្បីឈានទៅឈប់ប្រើប្រាស់ទំនិញថៃ ។

ក្នុងកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានជំរុញចលនាភូមិ១ ផលិតផល១ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក ង៉ែត សាវឿន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្តកំពតបានលើកឡើងថា ដោយអនុវត្តតាមគោលនយយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ពិសេស តាមចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តកំពត ក្រុមការងារលេខាធិការដ្ឋានបានមកជួបជុំគ្នាធ្វើបច្ចុប្បន្នភាពលើការងារជំរុញចលនាភូមិ១ផលិតផល និងគ្រោងរៀបចំផែនការឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញទីផ្សារ ការផលិត ការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករឲ្យប្រកបដោយគុណភាព សុវត្ថិភាព និងបរិមាណច្រើន អាចផ្គត់ផ្គង់តម្រូវការទីផ្សារ ក៏ដូចជារួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ ពិសេស ដើម្បីឈានទៅឈប់ប្រើប្រាស់ទំនិញថៃ។

សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ របស់ខេត្តកំពត លោក ស្មាន់ វណ្ណនីមល បានបញ្ជាក់ថា តាមផែនការរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ គឺគ្រោងរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក នៅខេត្តកំពតនៅថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែសីហានេះ ។

ហើយក្នុងឱកាសនោះខេត្តគណៈកម្មាធិការនឹងពិចារណាចុះបញ្ជីផលិតផលខេត្តកំពតប្រមាណ២០មុខបន្ថែមទៀតជាផលិតផល ភូមិ១ផលិតផល១ ខណៈដែលផលិតផល៥៧មុខត្រូវបានចុះបញ្ជីរួចរាល់។

បើតាមការបញ្ជាក់របស់ក្រុមការងារលេខាធិការដ្ឋានដែលមកពីតាមបណ្តាក្រុងស្រុកថា ខេត្តកំពតនៅមានផលិតផលជាច្រើនទៀត ដែលមានសក្តានុពលអាចចុះបញ្ជីជាផលិតផល ភូមិ១ផលិតផល១ ៕






ចែករំលែកព័តមាននេះ