ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ ថៃ​ចោទប្រកាន់​កម្ពុជា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ វា​បាន​ក្លាយជា​ទម្លាប់​របស់​មន្ត្រី​និង​អ្នកនាំពាក្យ​ថៃ​ទៅ​ហើយ

29 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​​បាន​ចំអក​ទៅ​កាន់​ក្រុម​មន្ត្រី និង​អ្នក​នាំពាក្យ​របស់​ថៃ ​ដែល​បាន​តែងតែ​ចោទប្រកាន់​មក​លើ​កម្ពុជា​ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ គឺ​វា​បាន​ក្លាយជា​ទម្លាប់​របស់​ពួក​គេ​ទៅ​ហើយ​ ។ ឯកឧត្តម ប៉ែន…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​​បាន​ចំអក​ទៅ​កាន់​ក្រុម​មន្ត្រី និង​អ្នក​នាំពាក្យ​របស់​ថៃ ​ដែល​បាន​តែងតែ​ចោទប្រកាន់​មក​លើ​កម្ពុជា​ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ គឺ​វា​បាន​ក្លាយជា​ទម្លាប់​របស់​ពួក​គេ​ទៅ​ហើយ​ ។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​លើក​ឡើង​ក្នុង​ស​ន្និ​សី​ទ​សារ​ព័ត៌មាន​នា​ព្រឹក​​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥​ យ៉ាង​ដូច្នេះ​ថា​៖ «​ថៃ​ថា​ ប្តឹង​កម្ពុជា​ទៅ​តុលាកា​រ​អន្តរជាតិ​ICJ បន្ទាប់​ពី​កងទ័ព​កម្ពុជា​បាន​ដើរ​ជាន់​មីន​បណ្តាល​ឲ្យ​រង​របួស ហើយ​តែងតែ​ចោទ​កម្ពុជា​ថា​ ដាក់​មីន​ថ្មី ។ ការ​ពិត​ទៅ​​ពាក្យ​ចោទប្រកាន់​ទាំងនេះ មិន​មាន​ជា​រឿង​ថ្មី​នោះ​ទេ គឺ​វា​បាន​ក្លាយទៅជា​ទម្លាប់​របស់​​មន្ត្រី និង​អ្នកនាំពាក្យ​ថៃ​ទៅ​ហើយ​»​ ។

ឯកឧត្តម​​អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា​៖ «​កន្លង​មក ​ទាំង​ក្រសួងការពារជាតិ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សុទ្ធតែ​បាន​ឆ្លើយ​បញ្ជាក់​ច្បាស់​ហើយ ប៉ុន្តែ​អ្នកនាំពាក្យ​ថៃ និង​មន្ត្រី​ថៃ​នៅ​តែ​ចោទប្រកាន់​ដដែល​ៗ​គ្មាន​មូលដ្ឋាន ក្នុង​ចំណង​ធ្វើ​ឲ្យ​ប៉ះពាល់​កម្ពុជា ដូច្នេះ ខ្ញុំ​សូម​បញ្ជាក់​ជូន​ជា​ថ្មី​ម្តងទៀត របស់​កម្ពុជា​ថា​ការ​ចោទប្រកាន់​របស់​ថៃ មក​លើ​កម្ពុជា គ្មាន​មូលដ្ឋាន គ្មាន​ការ​ស៊ើបអង្កេត អ្នកជំនាញ​ណា​ទុកចិត្ត​បាន គឺ​ចោទ​តែ​ខ្លួនឯង​តែ​ម្តង ដើម្បី​បង្ករឿង ដូច្នេះ​កម្ពុជា​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​មិន​អាច​ទុកចិត្ត​បាន​» ​។

ឯកឧត្តម​ប៉ែន បូ​ណា​បាន​បន្ថែម​ថា ចាប់តាំងពី​កម្ពុជា​ក្លាយជា​រដ្ឋ​ភាគី​នៅ​ក្នុង​ទីក្រុង​រដ្ឋ​អូ​តា​វ៉ា ឆ្នាំ​២០០០ កម្ពុជា​បាន​គោរព​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​អនុសញ្ញា​នេះ​ដោយ​មិន​ដែល​បាន​ប្រើប្រាស់​មីន​ថ្មី​នោះ​ឡើយ​។

ផ្ទុយ​ទៅ​វិញ ​កម្ពុជា​បាន​ដោះ​មីន​និង​បំផ្លាញ គ្រាប់​មីន​ប្រឆាំង​មនុ​ស្ស​ជា​ង​១​លា​ន​គ្រាប់ និង​គ្រាប់​ផ្ទុះ​សល់​ពី​សង្គ្រាម​ផ្សេង​ៗ​ទៀត​ ជាង​៣​លាន​គ្រាប់ ចេញពី ទឹកដី​ខ្លួន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ កម្ពុជា​បាន​ចូលរួម​ការ​ដោះ​មីន និង​គ្រាប់​ផ្សេង​ទៀត នៅ​ក្រោម​ឆ​ត្រ​អង្ក​ការ​សហប្រជាជាតិ ។

អ្នក​នាំ​ពាក្យ​​រាជរដ្ឋាភិបាល​គូសបញ្ជាក់​ថា​៖​ កម្ពុជា​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គោរព កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​បាន​ចូល​ជា​ធរមាន ហើយ​សូម​អំពាវនាវ​ដល់​ភាគី​ថៃ​សូម​បង្ហាញ​ការ​តាំង ចិត្ត​និង​អនុវត្ត​ម៉ឺងម៉ាត់​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដូច​គ្នា​ដែរ​ ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​លោក​ជំទាវ ម៉ា​លី សុជាតា បាន​លើក​ឡើង​ថា ចាប់ពី​ម៉ោង​១២​រំលង​អធ្រាត្រ ​រហូត​ដល់​មក​ម៉ោង​៦​ព្រឹក​នេះ ស្ថានភាព​សភាពការណ៍ នៅ​តាម​បណ្តោយ​បន្ទាត់​​ព្រំដែន ទិស​ខេត្តព្រះ​វិ ហារ និង​ឧត្តរមានជ័យ​បន្ត មាន​ស្ងប់ស្ងាត់​តែ​កងទ័ព​កម្ពុជា​នៅ​តែ​ត្រៀម​យ៉ាង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និ​ង​ប្រកាន់​តួនាទី​ជា​និច្ច​។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​បន្ត​ថា ​តាម​កិច្ចប្រជុំគណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥​ នៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​រួម​របស់​ភាគី​ទាំង​ពីរ​ក្នុង​ការ​សហការ​គ្នា ដើម្បី​ជំរុញ​ឲ្យ​សន្តិភាព​យូរអង្វែង ស្ថិរ​ភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍ ដើម្បី​ផលប្រយោជន៍ របស់​ប្រទេស​ទាំង​ពីរ​។ ដូច្នេះ ប្រទេស​ទាំង​ពីរ​ត្រូវ​បង្ហា​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​ស្រប​នឹង​អ្វី​ដែល​បាន​ឯកភាព​គ្នា​។

ជាមួយ​គ្នានោះ​​ដែរ ​លោក​ជំទាវ​អ្នកនាំពាក្យ​ក៏​បាន​លើក​ពី​ការ​ព្រមព្រៀង​របស់​ភាគី​កម្ពុជា -​ថៃ​ថា ភាគី​ទាំង​ពីរ​បាន​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ ក្នុង​ការ​ប្រព្រឹត្តិ​ចំពោះ​ទាហាន ដែល​ត្រូវ​បាន ចាប់ខ្លួន​រួម​មាន ការ​ផ្តល់​ការ​រស់នៅ ផ្តល់​ម្ហូបអាហារ ការ​ថែទាំ​សុខភាព ក្នុង​ករណី​មាន​របួស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ