ទីក្រុងប្រ៊ុចសែល៖ អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីច ម៊ែក (Friedrich Merz) បានអញ្ជើញលោកត្រាំ លោកហ្សេឡិនស្គី អគ្គលេខាធិការអង្គការណាតូ និងថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួនទៀតចូលរួមប្រជុំពីចម្ងាយតាមប្រព័ន្ធវីឌីអូនៅថ្ងៃពុធសប្ដាហ៍នេះមុនពេលមានកិច្ចជំនួបកំពូលរវាងលោកត្រាំ និងលោកពូទីននៅរដ្ឋអាឡាស់ស្កានៅថ្ងៃសុក្រ។ ខុទ្ទកាល័យរបស់លោកម៊ែកបានចេញសេចក្ដីថ្លែងការណ៍ថារបៀបវារៈនៃការជួបគ្នាតាមវីឌីអូនោះគឺ «ការត្រៀមលក្ខណៈសម្បត្តិចូលរួមចរចាសន្តិភាព និងបញ្ហាពាក់ព័ន្ធនឹងបូរណភាពទឹកដី និងសន្តិសុខជាតិ»។
នៅក្នុងគម្រោងជួបគ្នារវាងលោកត្រាំ និងលោកពូទីននោះ ពួកអឺរ៉ុប និងអ៊ុយក្រែនមិនត្រូវគេអញ្ជើញឱ្យចូលរួមទេ។ ហេតុនេះ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបនិយាយយ៉ាងទទូចថាអាមេរិក និងរុស្ស៊ីមិនអាចសម្រេចកិច្ចការអ្វីតែ២នាក់ដោយគ្មានការចូលរួមដឹងឮ និងយល់ព្រមពីអ៊ុយក្រែន និងអឺរ៉ុបជាដាច់ខាត។ ជាពិសេស បញ្ហាពាក់ព័ន្ធនឹងបូរណភាពទឹកដី។ អឺរ៉ុបទទួលស្គាល់ថារុស្ស៊ីមិនងាយនឹងបោះបង់ទឹកដីអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់នោះឡើយ។
កាលពីមុននេះ លោកត្រាំបង្ហើបឱ្យដឹងថារុស្ស៊ី និងអ៊ុយក្រែនប្រហែលជាត្រូវដូរទឹកដីគ្នាខ្លះ។ ប៉ុន្តែពួកអឺរ៉ុបយល់ថាបើកាត់ទឹកដីអ៊ុយក្រែនទៅឱ្យរុស្ស៊ី រុស្ស៊ីយល់ព្រមទទួលយក។ ប៉ុន្តែបើឱ្យរុស្ស៊ីកាត់ទឹកដីខ្លួនមកឱ្យអ៊ុយក្រែនដើម្បីជាការដូរគ្នាប្រហែលជាគ្មានផ្លូវទេ។ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបត្រៀមជួបប្រជុំគ្នានៅយប់នេះបន្ទាប់ពីមានកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងអឺរ៉ុបកាលពីចុងសប្ដាហ៍កន្លងទៅ។
ពួកគេបារម្ភថាលោកពូទីននឹងព្យាយាមបង្ហាញថារុស្ស៊ីជាអ្នកមានជ័យជម្នះ ហើយនឹងព្យាយាមបង្ហាញថាអ៊ុយក្រែនមិនចេះបត់បែនទៅតាមកាលៈទេសៈ (ដើម្បីកាត់ទឹកដីខ្លួនឯងជាថ្នូរនឹងសន្តិភាព)។ នៅលើសមរភូមិចម្ងាយមួយពាន់គីឡូម៉ែត្រ កងទ័ពរុស្ស៊ីអាចវាយសម្រុកទៅមុខដោយសន្សឹមៗ និងដោយលះបង់ជីវិតយុទ្ធជន និងសម្ភារៈសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីរដូវក្ដៅ។ អង្គការសហប្រជាជាតិប៉ាន់ស្មានថាការវាយប្រហារដោយឥតបន្ធូរដៃទៅលើទីក្រុងតូច-ធំរបស់អ៊ុយក្រែនបានសម្លាប់ជនស៊ីវិលជាង១,២ម៉ឺននាក់៕
ចែករំលែកព័តមាននេះ