រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញយ៉ាងហោចណាស់សំណល់រាវ ចំនួនជាង១០លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យមានការបញ្ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ធ្វើការបំពុលតំបន់ទឹកសាធារណៈ។ ការទប់ស្កាត់ការបំពុលនេះ ធ្វើឡើងស្របវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ គិតរយៈពេល៧ខែ ក្នុងឆ្នាំ២០២៥ ។
សូមបញ្ចាក់ថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥ រោងចក្រ-សហគ្រាស និងក្រុមហ៊ុន ចំនួន៩១ ទីតាំង ជាបន្តបន្ទាប់ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុន និងរោចក្រទាំងអស់ ដែលបានចូលរួមសហការ ធ្វើការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ក៏ដូចជាគោរពតាម បទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានល្អប្រសើរ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការសម្រេចចិត្តចូលរួម អនុវត្តច្បាប់របស់ក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុលនានា នៅកម្ពុជា និងបានបំពាក់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ចេញសំណល់រាវ គឺពិតបានឆ្លើយតបទៅនឹងយុទ្ធនាការ ដើម្បីកម្ពុជាមានភាពស្អាត នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ យុទ្ធសាស្ត្រនេះ កំពុងអនុវត្ត ដោយអនុលោមតាមយុទ្ធសាស្ត្រ និងគោលយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅដល់ការថែរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត និងសុខភាពរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យបានល្អ ក៏ដូចជាការចូលរួមចំណែក ថែរក្សាសុខភាពបរិស្ថាន-សង្គម ឱ្យបានស្អាត ទាំងនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ចាក់បន្ថែមថា ម្ចាស់ទីតាំង និងឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹងការបញ្ចេញសំណល់ ឬ សារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញ សំណល់ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ ។
លើសពីនេះ ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយ និងទប់ស្កាត់ការបំពុលតំបន់ទឹកសារធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ៕


ចែករំលែកព័តមាននេះ