ខេត្តកំពត ៖ កសិករដាំដំណាំល្ហុងនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពតបានលើកឡើងថាដំណាំល្ហុងងាយស្រួលដាំនិងថែទាំ ប្រមូលទិន្នផលបានច្រើន និងជាប្រចាំ ខណៈដែលទីផ្សារល្ហុងទុំកំពុងមានហាងឆេងល្អ ១គីឡូចន្លោះពី១០០០ទៅ១៥០០រៀល។
កសិករបញ្ជាក់ថា គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងនោះទេ ប្រសិនបើតម្រូវការនិងទីផ្សាររក្សាបាននូវតម្លៃល្អដូចបច្ចុប្បន្ន។
កសិកររស់នៅឃុំត្រពាំងបី ស្រុកឈូក លោក សូ- ងឹម បានប្រាប់ឲ្យដឹងថា លោកបានដាំដំណាំល្ហុងបីប្រភេទ មានពូជល្ហុងហូឡែន ល្ហុងទឹកឈូ និងល្ហុងបន្លែខ្លះគាត់ដាំនៅលើផ្ទៃដីជាងកន្លះហិកតា។
ដំណាំល្ហុងងាយស្រួលដាំ និងថែទាំ ផ្តល់ទិន្នផលខ្ពស់ និងជាប្រចាំ ហើយប្រសិនបើការថែទាំដាក់ទឹក និងជីបានល្អ ល្ហុងអាចមានអាយុជាង២ឆ្នាំ។ កសិកររូបនោះបានបន្តថា: កាលពីមុនដោយសារខ្វះចំណេះដឹងផ្នែកទីផ្សារ ពេលដាំល្ហុងបាន អត់ដឹងថាត្រូវយកទៅលក់នៅឯណា ល្ហុងទុំចោលពេញចម្ការ តែក្រោយមានការណែនាំពីមន្ត្រីកសិកម្មឃុំ មន្ត្រីកសិកម្មស្រុក លោករកតែល្ហុងលក់ឲ្យគេមិនទាន់ សព្វថ្ងៃល្ហុងទុំ ១គីឡូចន្លោះពី១០០០ទៅ១៥០០រៀល។ ហើយបើតម្លៃនេះ នៅរក្សាបានថិតថេរ គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងនោះទេ។
រីឯមន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបី លោក ជឹម ង៉ុយ បានបញ្ជាក់ថា ឃុំត្រពាំងបីមានសក្តានុពលលើវិស័យកសិកម្ម កសិករឃុំនេះដាំដំណាំ និងបន្លែចម្រុះ។ ដោយឡែកដំណាំល្ហុង ក៏មានប្រជាពលរដ្ឋដាំជាច្រើនគ្រូសារ ប៉ុន្តែពូជល្ហុងបន្លែ នៅមិនទាន់មានទីផ្សារល្អដូចពូជល្ហុងហូឡែន និងពូជល្ហុងទឹកឈូទេ៕





ចែករំលែកព័តមាននេះ