រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធនឹងការដើរជាន់មីនរបស់ទាហានថៃនៅព្រឹកថ្ងៃសៅរ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ ៣នាក់ ក្រសួងការពារជាតិមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជា ទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ។ កងទ័ពកម្ពុជា បាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់ នូវស្មារតីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា និងស្មារតី នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ៖ «យើងសង្ឃឹមថា ភាគីថៃ នឹងគោរពបាន នូវចំណុច ដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាត ហួសពីទីតាំងរបស់ខ្លួន ដែលឈរជើងឡើយ» ៕
ចែករំលែកព័តមាននេះ