ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​លូ និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ តម្លៃ​ជិត​៣០​លាន​ដុល្លារ ​នៅ​ក្រុង​បា​វិត

1 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥ លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង និង​លោក…

ខេត្តស្វាយរៀង​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥ លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង និង​លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ តំណាង​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អ​ញ្ជើញ​ជា​អធិបតី​ក្នុង​បើក​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​លូ និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ក្រោម​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី ADB ក្នុង​តម្លៃ​ជិត ៣០​លាន​ដុល្លារ (២៩,០៨៦,៧៤៨.១១​ដុល្លារ​) ​។

មាន​ប្រសាសន៍​ទៅ​កាន់​ពិធី​នេះ​ លោក វង្ស ពិសិដ្ឋ បាន​បញ្ជាក់​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ពិសេស​ក្នុង​នាម​ក្រសួង​ជំនាញ តែង​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តស្វាយរៀង​ រហូត​សម្រេចការ​អនុវត្ត​គម្រោង​នេះ​ឡើង​លើ​ទឹកដី​ក្រុង​បា​វិត ក្រោម​កម្ចី​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី ​(ADB) បន្ទាប់​ពី​បាន​ចុះ​កិច្ចសន្យា​ទទួល​អនុ​គម្រោង​នេះហើយ​ក្រុមហ៊ុន​ចំនួន​១​ ជា​អ្នក​ទទួល​ការ​សាងសង់ ​។

លោក​អភិបាលខេត្ត​បាន​ថ្លែង​ថា ពិធី​បើ​ក​ការដ្ឋាន​ក្រុង​ពាលី​ថ្ងៃនេះ គឺជា​សមិទ្ធផល​ដ៏​មាន​តម្លៃ និង​ផ្តល់​សារៈ​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​មូលដ្ឋាន​ទាំងមូល​ក្នុង​ក្រុង​បា​វិត ហើ​យ​សូម​សម្តែង​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ ចំពោះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ធនាគារ ADB ដែល​បាន​ផ្តល់​ជូន​សម្រាប់​ការ​អនុវត្ត​គម្រោង​ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ​នេះ​ឡើ​ង ហើ​យ​ក៏​ជា​មោទនភាព ដោយ​ក្រុង​បា​វិត គឺជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​បី មានក្រុង​បា​វិត ក្រុង​កំពត និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ទទួល​បាន​នូវ​គម្រោង​ដ៏​មាន​តម្លៃ​នេះ ហើយ​ក្នុង​ចំណោម​អនុ​គម្រោង ៥ មាន​ពីរ​នៅ​ក្រុង​បា​វិត គឺ​អនុ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម (​មា​នទី​តាំងនៅ​ភូមិ​ច្រក​ម្ទេស សង្កាត់ ច្រក​ម្ទេស​) បាន​ចូលរួម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ មក​ដល់​ពេល​នេះ​ដំណើរការ​សាងសង់​សម្រេច​បាន​ប្រមាណ​ជា ៥៤%) ។ ហើ​យ​ថ្ងៃនេះ យើង​បើក​ការដ្ឋាន​សាងសង់​អនុ​គម្រោង​ទី​២ គឺ​ប្រព័ន្ធ​លូ និង​ស្ថានីយ៍ ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដែល​ត្រូវ​ប្រើ​ពេលវេលា​សាងសង់ ចំនួន ៣៦​ខែ បញ្ចប់​នៅ ឆ្នាំ​២០២៨​ខាង​មុខ ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង​២៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។

លោក​បន្ថែម​ថា គម្រោង​នេះ គឺ​ពិតជា​មាន​ភាព​សម​ស្រប ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង ហើយនឹង​អាច​ដោះស្រាយ ​នូវ​បញ្ហា​ចំពោះ​មុខ​ដ៏​មាន​ប្រសិទ្ធភាព និង​ចំ​ទិស​ដៅ ដែល​មូលដ្ឋាន​កំពុង​ជួប​ប្រទះ បើ​ប្រៀបធៀប​ពី​មុន​ក្រុង​យើង​តូច ប្រជាជន​តិច មូលដ្ឋាន​អាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម​ផ្សេង​ៗ ក៏​មិនសូវ​មាន ខុស​ពី​បច្ចុប្បន្ន ក្រុង​បា​វិត​មានការ​អភិវឌ្ឍ​រីក​ចម្រើន គួរ​ឲ្យ​កត់សម្គាល់ ដោយ​បាន​ប្រែក្លាយ​ពី​តំបន់​ព្រំដែន​ធម្មតា​ ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​តិចតួច ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផលិតកម្ម និង​ជាទី​តាំង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​បាន​ដើរតួ​នាទី​ជា​ប្រភព​ការងារ​ដ៏​សំខាន់ មិន​សម្រាប់​តែ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត តែ​ក៏​មាន​ប្រជាពលរដ្ឋ​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​មក​បម្រើ​ការងារ​នៅ​ទី​នេះ​ផង​ដែរ ហើ​យ​សព្វថ្ងៃ​មូលដ្ឋាន​ក្រុង​បា​វិត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស រហូត​ដល់ ៦​កន្លែង និង​មាន​រោងចក្រ ១២៤​កន្លែង ជាទី​ផ្តល់​ នូវ​ប្រភព​ការងារ​ជិត ៧​ម៉ឺន​នាក់ ដែល​ស្មើនឹង​ពាក់កណ្តាល នៃ​ចំនួន​កម្មករ ក្នុង​ខេត្ត​ទាំងមូល​ ។

លោក​បញ្ជាក់​ទៀត​ថា ទន្ទឹម​ការ​រីក​ច​ម្រើ​ន ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​ជួប​ប្រទះ និង​ត្រូវ​ធ្វើការ​គិតគូរ​ដោះស្រាយ រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ តួយ៉ាង​ទីលាន​ទុកដាក់​សំរាម ក៏​ដូច​ជា​ប្រព័ន្ធ លូ និង​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ​តែ​ម្តង​ដូច្នេះ​ហើយ​បានជា​គម្រោង​នេះ គឺ​ពិតជា​សម​ស្រម ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ និង​តម្រូវការ​ជាក់ស្តែង ដែល​វា​មិន​ត្រឹមតែ​ចូលរួម​ចំណែក ធានា​បាន​នូវ​ការ​ថែរក្សា​បរិស្ថាន​អនាម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូលរួម​ចំណែក​លើកកម្ពស់ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទៅ​អនាគត​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ