រាជធានីភ្នំពេញ ៖ ទារិកាម្នាក់ អាយុទើបបានជាង២០ថ្ងៃប៉ុណ្ណោះ មានជំងឺក្ដៅខ្លួន ហើយឪពុកម្ដាយបាននាំទៅកាន់មន្ទីរពេទ្យ ខណៈនោះ គ្រូពេទ្យប្រាប់ថា ក្ដៅធម្មតា អត់មានអីធ្ងន់ធ្ងរទេ និងមិនបានឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានជំងឺនោះឡើយ ។ បន្ទាប់មក បានបើកថ្នាំឲ្យឪពុកម្ដាយយកមកច្រកព្យាបាលនៅផ្ទះ លុះ៥ថ្ងៃក្រោយមក ខណៈដែលម្ដាយដាក់ឲ្យដេកនៅលើគ្រែ ហើយរវល់តែធ្វើការងារផ្ទះ និងលួងកូនស្រីច្បងម្នាក់ទៀត កំពុងយំ បន្ទាប់ពីរួចដៃ ទៅមើលឃើញកូនស្រីរូបនោះ ស្លាប់បាត់ទៅហើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០ទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅបន្ទប់ជួលជាន់ទី៣ ស្ថិតនៅក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទារិកាខាងលើនោះឈ្មោះ ផា ស្រីគីម អាយុជាង២០ថ្ងៃ មានឪពុកឈ្មោះ កែវ សុផា អាយុ២៤ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ គា ស្រីពីន អាយុ២១ឆ្នាំ ស្នាក់បន្ទប់ជួលខាងលើ ។
ស្ត្រីជាម្ដាយបាននិយាយថា កាលពីប៉ុន្មានថ្ងៃមុន កូនស្រីនាងក្ដៅខ្លួន នាងក៏បាននាំទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ពេលនោះ គ្រូពេទ្យបានពិនិត្យមើល និងបានប្រាប់ថា អត់មានអីធ្ងន់ធ្ងរទេ បន្ទាប់មកពេទ្យបានបើកថ្នាំឲ្យយកមកព្យាបាលនៅផ្ទះ ។ នាងបានច្រកថ្នាំកូននៅផ្ទះ ទើបតែបានរយៈពេល៥ថ្ងៃប៉ុណ្ណោះ មកដល់ព្រឹកថ្ងៃកើតហេតុ ខណៈងូតទឹកឲ្យកូនរួច និងឲ្យកូនបៅទឹកដោះគោរួច នាងបានដាក់ឲ្យកូនដេកលើគ្រែ រួចធ្វើការងារផ្ទះ និងលួងកូនស្រីច្បងម្នាក់ទៀត ដែលកំពុងយំ ។
នាងបាននិយាយប្រាប់ទៀតថា លុះក្រោយពរួចដៃ មើលទៅកូនស្រីអត់ឃើញរើបម្រាស់ដូចរាល់ដងសោះ ហើយដោយ មានការងឿងឆ្ងល់នាងក៏បានទៅមើល ក៏ស្រាប់តែឃើញកូនស្រីស្លាប់បាត់ទៅហើយ ដោយពុំដឹងថា ស្លាប់តាំងពីពេលណាមកនោះឡើយ ទើបមានការភ្ញាក់ផ្អើល និងមិននឹកស្មានដល់ថា កូនស្លាប់ឡើយ ។
ក្រោយពេលកើតហេតុនគរបាលកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុនៅទីតាំងកើតហេតុ ប៉ុន្តែមិនទាន់សន្និដ្ឋានថាបែបណានៅឡើយទេ ៕



ចែករំលែកព័តមាននេះ