អាមេរិក-វេណេស៊ុយអេឡា ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ សីហា បានបង្កើនទ្វេដងប្រាក់រង្វាន់សម្រាប់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ ដល់៥០លានដុល្លារ។ នេះជាសេចក្ដីសម្រេចមួយដែលក្រុងការ៉ាកាស់ចាត់ទុកថា ហួសចិត្ត ។
ក្រុងវ៉ាស៊ីនតោនប្រកាស កាលពីថ្ងៃទី៧ សីហា ថា ខ្លួនបង្កើនទ្វេដងដល់៥០លានដុល្លារ ប្រាក់រង្វាន់ក្នុងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា ដែលតុលាការអាមេរិកចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ហើយការជាប់ឆ្នោតជាថ្មីរបស់លោកមិនត្រូវបានអាមេរិកទទួលស្គាល់ ។
តាមបណ្ដាញសង្គមX រដ្ឋមន្ត្រីយុត្តិធម៌ អាមេរិកលោកស្រីPAM BONDI ថ្លែងថា ពេលនេះ ក្រសួងយុត្តិធម៌ និងក្រសួងការបរទេសអាមេរិក ប្រកាសពីរង្វាន់៥០លានដុល្លារផ្ដល់ សម្រាប់រាល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនលោកនីកូឡាស់ម៉ាឌូរ៉ូ ។ ប្រាក់រង្វាន់លើកមុនមាន២៥លានដុល្លារ។
ក្រុងការ៉ាកាស់ ភ្លាមៗមានប្រតិកម្មតបវិញនិងចាត់ទុកថា ជាការហួសចិត្ត ការសម្រេចបែបនេះរបស់រដ្ឋាភិបាលលោកដូណាល់ត្រាំ ។ ក្នុងសេចក្ដីប្រកាសមួយ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោកអ៊ីវ៉ានហ្គីលអះអាងថា យើងបដិសេធប្រតិបត្តិការឃោសនានយោបាយនេះ។
កាលសម័យលោកចូបៃដិនកាន់អំណាច រដ្ឋាភិបាលលោកបានបង្កើនទណ្ឌកម្មថ្មីលើវេណេស៊ុយអេឡា ហើយផ្ដល់រង្វាន់ពី១៥ទៅ២៥លានដុល្លារ សម្រាប់រាល់ព័ត៌មាននាំទៅដល់ការចាប់ខ្លួនលោកម៉ាឌូរ៉ូ មកកាត់ទោស ៕
ចែករំលែកព័តមាននេះ