ខេត្តកណ្តាល ៖ ប្រទេសជាតិកំពុងជួបទុក្ខ មានតែរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាហ៍លំបាក បែរជាជនសង្ស័យមួយក្រុមនេះបង្កើតផេកឈ្មោះ«ប្រព័ន្ធដោះស្រាយការងារ»ចាំបោកលុយពីបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសន្យាថានឹងឱ្យការងារធ្វើ តែត្រូវឱ្យលុយមកពួកគេសិន ដោយបោកយកលុយអស់ជាច្រើននាក់ ចុងក្រោយត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបានម្នាក់ ខណៈបក្សពួកផ្សេងទៀតកំពុងរត់គេចខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានចំនួន៧នាក់(ស្រី២នាក់)៖ ១-ឈ្មោះ សុន សុហស្ប ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល) ។

២-ឈ្មោះ ជាន ដេត ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល)។ ៣-ឈ្មោះ ស៊ី សៅនី ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល)។ ៤-ឈ្មោះ ផាន់ សម្បូរ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិពាម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល) ។ ៥-ឈ្មោះ ស៊ឺ សុណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិពាម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង(អស់ទឹកប្រាក់១៥ម៉ឺនរៀល)។

៦-ឈ្មោះ ជាន គាលី ភេទស្រី អាយុ២២ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង(អស់ទឹកប្រាក់១៥ម៉ឺនរៀល) ។ ៧-ឈ្មោះ វ៉ានសុចាន់ ភេទស្រី អាយុ២២ឆ្នាំ ជាកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង (អស់ទឹកប្រាក់១៥ម៉ឺនរៀល) ។ ៨/ចំពោះពលករនិងកម្មករចំនួន២៣នាក់ (ស្រី១១នាក់) ផ្សេងទៀត ដែលមកដាក់ពាក្យរកការងារធ្វើនៅចំណុចកើតហេតុនោះពុំទាន់បានបង់ប្រាក់លើសេវាផ្សេងៗនៅឡើយទេ ព្រោះដោយមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចដឹកនាំដោយគណ:បញ្ជាការឯកភាពស្រុកទាន់ពេលវេលា ហើយកម្មករពលករក៏បានត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន ។

ចំណែកជនសង្ស័យមានចំនួន០៧នាក់ ស្រី០២នាក់ (ឃាត់ខ្លួនម្នាក់ ជាប្រុស) ១-ឈ្មោះនួន រតន: ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោម)។២-ឈ្មោះ រិន ភារ: ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកគ្រប់គ្រង ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួនមេក្លោង) ។ ៣-ឈ្មោះ អៀង ឈុនលៀង ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកផ្សព្វផ្សាយ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួនមេក្លោង)។ ៤-ឈ្មោះ អេន ភិរម្យ ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។

៥-ឈ្មោះ គ្រីយ៉ា សារ៉ី ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(គេចខ្លួន) ។៦-ឈ្មោះ អូ សូនីតា ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(គេចខ្លួន) ។៧/ឈ្មោះ ថុល គីមហ័ង ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិក ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(គេចខ្លួន) ។ ចំពោះជនរងគ្រោះទាំង០៧នាក់បានចាញ់បោកទឹកប្រាក់អស់សរុបចំនួន១,០៥០,០០០៛ (មួយលានប្រាំម៉ឺនរៀល) ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានលេងហ្វេសប៊ុកក៏ឃើញផេករបស់ក្រុមជនសង្ស័យដែលមានឈ្មោះ «ប្រព័ន្ធដោះស្រាយការងារ» បានផុសជ្រើសរើសកម្មករធ្វើការងារដោយភ្ជាប់ជាមួយលេខទូរសព្ទសម្រាប់ទំនាក់ទំនងផងដែរ ។ រួចជនរងគ្រោះក៏បានទាក់ទងតាមលេខទូរសព្ទ(0714656416) ដើម្បីសួរនាំពីព័ត៌មានអំពីការងារ ។

លុះដល់ថ្ងៃទីខែឆ្នាំកើតហេតុ ក្រុមជនរងគ្រោះបានចេញពីស្រុកកំណើតរបស់ខ្លួនឡើងទៅដល់ទីតាំងចំណុចកើតហេតុ ពេលមកដល់បក្សពួកជនសង្ស័យ ក៏បានសម្ភាស៍ក្រុមជនរងគ្រោះម្នាក់ម្ដងៗ រួចបក្សពួកជនសង្ស័យ ក៏បានទារថ្លៃឯកសារពីក្រុមជនរងគ្រោះក្នុងម្នាក់ចំនួន៥ម៉ីនរៀល ។
បន្ទាប់មក ជនសង្ស័យឈ្មោះថុល គីមហ័ង បាននាំក្រុមជនរងគ្រោះទៅទីតាំងរោងចក្រដែលត្រូវធ្វើការស្ថិតនៅទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយពេលចេញពីរោងចក្រ ជនសង្ស័យឈ្មោះថុល គីមហ័ង ក៏បានបន្តជូនក្រុមជនរងគ្រោះទៅជួលផ្ទះដែលនៅក្បែរនោះរោងចក្រនោះ ក្រោយមក ជនសង្ស័យឈ្មោះថុល គីមហ័ង បានតម្រូវឲ្យក្រុមជនរងគ្រោះបង់ប្រាក់កក់មុនចំនួន២០ម៉ឺនរៀល និងប្រាក់ប្រចាំខែចំនួន៤៨ម៉ឺនរៀល ពេលនោះ ក្រុមជនរងគ្រោះក៏បានរៃលុយឲ្យទៅជនសង្ស័យឈ្មោះថុល គីមហ័ង បន្ថែមទៀត។ លុះដល់ព្រឹកថ្ងៃទី០៧ខែ ឆ្នាំដដែល វេលាម៉ោង៦ និង៣០នាទី ក្រុមជនរងគ្រោះក៏បានទៅដល់ទីតាំងរោងចក្រដែលត្រូវធ្វើការពេលទៅដល់ ស្រាប់តែខាងរដ្ឋបាលរោងចក្រអនុញ្ញាតឲ្យជនរងគ្រោះធ្វើការតែ០២នាក់ប៉ុណ្ណោះ ។

ពេលនោះ ក្រុមជនរងគ្រោះក៏បានទាក់ទងទៅជនសង្ស័យឈ្មោះថុល គីមហ័ង ដើម្បីសួរនាំ តែទាក់ទងពុំបានឡើយ រួចក្រុមជនរងគ្រោះ ក៏បានត្រឡប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចានតែម្តង ។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នួន រតន: បានឆ្លើយថា ខ្លួននឹងបក្សពួកបានបើកទីតាំងចុះឈ្មោះទទួលពាក្យសុំធ្វើការខាងលើរយៈពេល០៤ខែមកហើយ ។ ជារៀងរាល់ថ្ងៃ កម្មករដែលមកដាក់ពាក្យសុំធ្វើការងារនៅកន្លែងរបស់ខ្លួន ភាគច្រើនជាពលករ
ចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ។ ក្រោយពីខ្លួនបានឲ្យពាក្យទៅកម្មករ ក្រុមកម្មករត្រូវបំពេញបែបបទដាក់ពាក្យរួច ហើយត្រូវបង់ថ្លៃឯកសារចំនួន៥ម៉ីនរៀល ទើបក្រុមការងារខ្លួនបែកចែកឲ្យទៅធ្វើការនៅតាមទីតាំងរោងចក្រនានា ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមច្បាប់ និងកំពុងស្រាវជ្រាវតាមចាប់បក្សពួកនៅសេសសល់បន្តទៀត៕

ចែករំលែកព័តមាននេះ