រាជធានីភ្នំពេញ ៖ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានចូលបំពេញការងារនៅអគារថ្មីរបស់ខ្លួន ដែលទើបសាងសង់រួច ។
លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសូត្រមន្តដាក់ឲ្យិដំណើរការជាផ្លូវការនូវអគារទីស្នាក់សមាគមក្រុមប្រឹក្សាជាតិរាជធានី-ខេត្ត ដែលបានធ្វើឡើងតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាទីតាំងអគារនេះ សម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ច ។
គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតិប្រគល់ជូនឯកឧត្តមប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នូវសិទ្ធិកាន់កាប់ និងអាស្រ័យផលលើដីមួយកន្លែង ទំហំប្រមាណ៤.៣០០ម៉ែត្រការ៉េស្ថិតក្នុងសហគមអណ្តូង៣ និងអណ្ដូង៥ ក្នុងភូមិអណ្តូងសង្កាត់គោករការ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។ ទីតាំងដីនេះ នឹងត្រូវសាងសង់អគារទីស្នាក់ការសម្រាប់បុគ្គលិកបំពេញការងារផ្តល់សេវាជូនក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ក៏ដូចជាសម្រាប់រៀបចំកិច្ចប្រជុំ, ការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ។
អាគារដែលបានសាងសង់រួច បានក្លាយជាទីស្នាក់ការរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត សម្ពន្ធ័ភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាគមខណ្ឌ សង្កាត់រាជធានីភ្នំពេញ។ ពិធីសូត្រមន្តដាក់ឲ្យដំណើរការផ្លូវការអគារនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន និងតំណាងក្រុមប្រឹក្សាក្រុង-ខេត្ត ទាំង២៥ ទូទាំងប្រទេស ប្រមាណ១០០នាក់ នឹងមានការអញ្ជើញចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ ផងដែរ ៕



ចែករំលែកព័តមាននេះ