ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ល្អ​នឹង​គ្នា​! លោក ត្រាំ បញ្ជា​ឱ្យ​ដំឡើង​ពន្ធ​ឥណ្ឌា​​ដល់ ៥០% ព្រោះ​មិន​ព្រម​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ ជាមួយ​ការ​ដាក់​ពន្ធ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ ជាមួយ​ការ​ដាក់​ពន្ធ ២៥% បន្ថែម​ទៀត​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ពាក់ព័ន្ធ​នឹង​រឿង​ប្រទេស​មួយ​នេះ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​។ ដូច្នេះ​ពន្ធ​សរុប​លើ​ការ​នាំ​ចេញ​ទំនិញ​ឥណ្ឌា​ទៅ​កាន់​សហរដ្ឋអាមេរិក​កើន​ដល់ ៥០% ដែល​ជា​អត្រា​ខ្ពស់​បំផុត​ដែល​ប្រទេស​មហា​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ ដាក់​លើ​ដៃគូ​ពាណិជ្ជកម្ម​ខ្លួន​។

ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា អត្រាពន្ធ​ថ្មី​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​២១​ថ្ងៃ ឬ​ថ្ងៃ​ទី​២៧ ខែសីហា ខាង​មុខ​នេះ​។ ទោះ​យ៉ាងណា​ការ​ឆ្លើយ​តប​ពី​ក្រសួងការបរទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៦ ខែសីហា បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​នូវ​គោល​ជំហរ​ខ្លួន​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ហើយ​បាន​រំលឹក​ឡើង​វិញ​ថា ពន្ធគយ​នេះ គឺជា​រឿង​អយុត្តិធម៌ មិន​ត្រឹមត្រូវ និង​មិន​សម​ហេតុ​សម​ផល​។

សេចក្តីថ្លែងការណ៍​ខ្លី​មួយ​បានឱ្យ​ដឹង​ដូច្នេះ​ថា «​ដូច្នេះ​វា​ជា​រឿង​អកុសល​ខ្លាំង​ណាស់ ដែល​អា​មេ​រិ​ក​ជ្រើសរើស​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ឥណ្ឌា​សម្រាប់​សកម្មភាព ដែល​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​គិតគូរ​ដល់​ផលប្រយោជន៍​ជាតិ​ពួក​គេ​។ ឥណ្ឌា​នឹង​ចាត់វិធានការ​ទាំងអស់​ដែល​ចាំបាច់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​»​។

គួរ​រំលឹក​ថា ប្រធានាធិបតី​អា​មេ​រិ​កបាន​ព្រមាន​មុន​នេះ​ថា លោក​នឹង​ដំឡើង​ពន្ធ ព្រោះតែ​ឥណ្ឌា​មិន​ខ្វាយខ្វល់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​សម្លាប់​ដោយ​ម៉ាស៊ីន​សង្គ្រាម​រុ​ស្ស៊ី​។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​៦ ខែសីហា សេត​វិមាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា «​សកម្មភាព​របស់​សហព័ន្ធ​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន បង្ក​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់​ដល់​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការ​បរទេស​របស់​អា​មេ​រិ​ក ដោយ​ត្រូវការ​វិធានការ​ខ្លាំង​ជាង​មុន ដើម្បី​ដោះស្រាយ​ភាព​អាសន្ន​ជាតិ​»​។

សេចក្តីថ្លែងការណ៍​ក៏​បាន​បន្ថែម​ថា ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ឥណ្ឌា​ពី​រុ​ស្ស៊ី​ធ្វើ​ឱ្យ​ខូចខាត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ប្រឆាំង​នឹង​សកម្មភាព​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ សហរដ្ឋអាមេរិក​នឹង​កំណត់​ថា តើ​ប្រទេស​ណា​ផ្សេង​ទៀត​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ក៏​ដូច​ជា​នឹង​ទទួល​អនុសាសន៍​បន្ថែម​ចំពោះ​សកម្មភាព​របស់​លោក​ប្រធានាធិបតី​។

ប្រេង និង​ឧស្ម័ន គឺជា​ការ​នាំ​ចេញ​ធំ​ជាងគេ​របស់​រុ​ស្ស៊ី ហើយ​អ្នកទិញ​ធំ​បំផុត​របស់​ពួក​គេ រួម​មាន ប្រទេស​ចិន ឥណ្ឌា និង​តួ​ក​គី​។ បច្ចុប្បន្ន​រុ​ស្ស៊ី គឺជា​អ្នកលក់​ប្រេង​ដ៏​ធំ​បំផុត​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដែល​ស្មើនឹង​ជាង ៣៥% នៃ​ការ​ផ្គត់ផ្គង់​សរុប​របស់​ប្រទេស​នេះ​ឥណ្ឌា​។ ទិន្នន័យ​ពាណិជ្ជកម្ម​ដែល​បាន​ចែករំលែក​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​បង្ហាញ​ថា ឥណ្ឌា​បាន​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ប្រហែល ១,៧៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។

ពន្ធ​បន្ថែម​នឹង​មាន​ន័យ​ថា គឺជា​កាតព្វកិច្ច ៥០% លើ​ការ​នាំ​ចេញ​សំខាន់​ៗ​របស់​ឥណ្ឌា​ដូច​ជា វាយនភ័ណ្ឌ ត្បូង និង​គ្រឿងអលង្ការ គ្រឿងបន្លាស់​រថយន្ត អាហារ​សមុទ្រ ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​បង្កើត​ការងារ​សំខាន់​ៗ​ប្រទេស​នេះ​។ ចំណែក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច រួម​ទាំង iPhone ខណៈ​ដែល​ឱសថ​នៅ​តែ​ត្រូវ​បាន​លើកលែង​ពន្ធ សម្រាប់​ពេល​នេះ​៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ