ពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថ គឺមិនគួរទិញតាមអនឡាញ ឬក៏ចេះតែសម្រេចចិត្តលេបផ្តេសផ្តាស់តាមគ្នាដែលផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសង្គមនោះទេ ព្រោះវាអាចនាំគ្រោះថ្នាក់ដល់សុខភាព ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express បានរាយការណ៍ថា នៅវៀតណាម អត្រាដែលពលរដ្ឋនៅក្នុងប្រទេសនេះកើតជំងឺទឹកនោមផ្អែម ហើយរ៉ាំរ៉ៃរហូតដល់ខូចតម្រងនោម ឬក្រលៀន គឺមានច្រើនណាស់ ហើយមួយចំណែក គឺបណ្តាលមកពីការដែលពួកគេនិយមប្រើប្រាស់ឱសថដែលគេផ្សព្វផ្សាយ ឬចែករំលែកនៅលើបណ្តាញសង្គម ដោយរួមទាំងឱសថបុរាណផងដែរ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសអាយុ៥៩ឆ្នាំម្នាក់ ត្រូវបាននាំយកទៅមន្ទីរពេទ្យ១១៥ នៅទីក្រុងហូជីមិញ កាលពីខែមិថុនា ដោយសារតែបញ្ហាផ្លូវដង្ហើម និងការខូចខាតតម្រងនោមធ្ងន់ធ្ងរ បន្ទាប់ពីបានលេបថ្នាំគ្រាប់ដែលមានផ្ទុកសារធាតុ phenformin ដែលជាសារធាតុសកម្មដែលធ្លាប់បានប្រើសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម ប៉ុន្តែក្រោយមកត្រូវបានហាមឃាត់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារតែវាផ្ទុកអត្រាដ៏ខ្ពស់នៃអាស៊ីតឡាក់ទិក ដែលប៉ះពាល់ដល់សុខភាពតម្រងនោម ។
តាមការស្រាវជ្រាវគេដឹងថា បុរសម្នាក់នេះ គឺគាត់បានប្រើប្រាស់ពពួកឱសថដែលគ្មានបញ្ជីការ និងត្រូវគេលក់តាមអនឡាញ ។
ក្រៅពីនោះស្ត្រីវ័យ៥៤ ឆ្នាំម្នាក់ទៀត ដែលត្រូវគេបញ្ជូនទៅមន្ទីរពេទ្យថុងញ៉ាតនៅក្នុងទីក្រុងនេះ ក្រោយមានអាការៈងងុយគេង និងឈឺពោះបន្ទាប់ពីលេបថ្នាំដែលត្រូវបានផ្សព្វផ្សាយថា ជាឱសថបុរាណព្យាបាលជំងឺទឹកនោមផ្អែម ។ នៅពេលដែលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យស្ត្រីម្នាក់នេះក៏ត្រូវគេបញ្ជាក់ពីវត្តមានរបស់ សារធាតុ phenformin នេះ ហើយអាស៊ីតមេតាបូលីកធ្ងន់ធ្ងរ ដែលជាផលវិបាកដែលអាចនាំឱ្យស្លា.ប់ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។
ក្រៅពីអ្នកទាំងពីរ នៅមានអ្នកជំងឺជាច្រើនទៀត ដែលមានអាការៈផ្សេងៗគ្នា ប៉ុន្តែគេបានរកឃើញលទ្ធផលស្រដៀងគ្នា និងករណីទាំងពីរខាងលើ ហើយហេតុផល គឺសុទ្ធតែពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថដែលពួកគេទិញតាមអនឡាញ ឬលក់តៗគ្នា ។
ពាក់ព័ន្ធនឹងរោគសញ្ញាទាំងនេះវេជ្ជបណ្ឌិត ឌុង មិញ ធៀន (Duong Minh Tuan ) វេជ្ជបណ្ឌិតឯកទេស ជំងឺទឹកនោមផ្អែមវៀតណាមមួយរូបបានអះអាងថា ករណីពុលថ្នាំទឹកនោមផ្អែមនៅវៀតណាមមិនមែនជារឿងចម្លែកទេ ហើយមន្ទីរពេទ្យតែងតែសង្គ្រោះបានលើកលែងតែអ្នកដែលមកយឺតពេលពេក ។
លោកស្រី ង៉ោ ធីគីមអាញ់ (Ngo Thi Kim Oanh) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានទីក្រុងហូជីមិញ បានព្រមានថា ផលិតផលជាច្រើនដែលក្លែងបន្លំថាជា «ឱសថបុរាណ» គឺជាផលិតផលធ្វើដោយដៃវេចខ្ចប់មិនល្អ មិនមានការត្រួតពិនិត្យគុណភាព និងមិនមានចុះបញ្ជីនៅក្រសួងសុខាភិបាលនោះ ហើយជាប្រភពគ្រោះថ្នាក់ ។
រឿងនេះកើតឡើងនៅវៀតណាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឱសថមួយចំនួនដែលកំពុងប៉ះពាល់ដល់សុខភាពប្រជាជននៅវៀតណាមអាចនឹងមានមកនៅកម្ពុជា ជាពិសេស គឺពពួកឱសថបុរាណ ដោយសារតែទីក្រុងហូជីមិញនិងភ្នំពេញជិតគ្នា ហើយទីនោះ គឺជាគោលដៅទេសចរណ៍សុខភាពដ៏ចម្បងមួយរបស់ពលរដ្ឋកម្ពុជាវណ្ណៈកណ្តាល ។
មកដល់ពេលនេះ មានពលរដ្ឋកម្ពុជាមិនតិចឡើយ ដែលបានចេញទៅព្យាបាលនិងពិនិត្យសុខភាព ជាពិសេស គឺទឹកនោមផ្អែមនៅវៀតណាម ហើយឱសថខុសច្បាប់ទាំងនោះអាចនឹងត្រូវគេបញ្ជ្រាបមកកម្ពុជាតាមក្រុមអ្នកជំងឺទាំងនេះដែរ ។ ពាក់ព័ន្ធនឹងចំណុចនេះ បុរសវ័យ៧០ ឆ្នាំមួយរូប បានឲ្យដឹងថា លោកធ្លាប់ទទួលពពួកឱសថបុរាណដែលចែកចាយតៗគ្នាមកប្រើនៅតាមតុកាហ្វេប្រហែលជា ១ឆ្នាំមុន ។
លោកបានឲ្យដឹងថា មុនតម្រងនោមលោកចុះខ្សោយ ហើយថ្លើមលោកដុះដុំសាច់ មិត្តភក្តិស្គាល់ៗគ្នាចេះតែចែករំលែកគ្នាឲ្យប្រើ ឱសថបុរាណមកពីវៀតណាម ដោយលើកឡើងថា ជាថ្នាំជួយព្យាបាលជំងឺទឹកនោមផ្អែម ។ លោកបានបន្តថា ក្រោយប្រើប្រាស់ឱសថទាំងនោះ បានមួយរយៈ ពេលទៅពិនិត្យនៅមន្ទីរពេទ្យលោកត្រូវក្រុមគ្រូពេទ្យអះអាងថា ប៉ោងសរសៃឈាមនៅក្រលៀន ហើយក្រលៀនចុះខ្សោយ មិនតែប៉ុណ្ណោះគឺដុះដុំសាច់នៅថ្លើមទៀត ។
លោកបានបន្តថា ឥឡូវនេះលោកបានបញ្ឈប់ការស្វែងរកឱសថបុរាណនោះទៀតហើយ ដោយសារតែពេទ្យគេផ្តាំផ្តាច់រឿងថ្នាំបុរាណ និងការប្រើប្រាស់ថ្នាំ ផ្តេសផ្តាស់ ៕
ចែករំលែកព័តមាននេះ