ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលបានចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ឱ្យមានការដោះលែងយោធាកម្ពុជា ១៨រូបឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​តាម​យន្តការ​ចាំបាច់​ផ្សេង​ៗ ដើម្បី​ឱ្យ​មានការ​ដោះ​លែង​យោធា​កម្ពុជា ១៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​តាម​យន្តការ​ចាំបាច់​ផ្សេង​ៗ ដើម្បី​ឱ្យ​មានការ​ដោះ​លែង​យោធា​កម្ពុជា ១៨ រូប​ឱ្យ​បាន​ឆាប់​បំផុត និង​មាន​សុវត្ថិភាព ។

សម្តេច​បវរ​ធិ​បតី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៤ សីហា ឆ្នាំ​២០២៥ ថា ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ជាទី​ស្រលាញ់ ទោះជា​ស្ថានការណ៍​មានកា​រវិ​វត្ត​ប្រែប្រួល​យ៉ាងណា ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុវត្ថិភាព​របស់​យោធា​កម្ពុជា​ចំនួន​១៨​រូប ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​របស់​អាជ្ញាធរ​ថៃ ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ និង​កំពុង​ចាត់វិធានការ​តាម​យន្តការ​ចាំបាច់​ផ្សេង​ៗ ដើម្បី​ឱ្យ​មានការ​ដោះ​លែង​យោធា​កម្ពុជា​ឱ្យ​បាន​ឆាប់​បំផុត និង​មាន​សុវត្ថិភាព ។

សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា ក្នុង​នោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ​យោធភូមិ​ភាគ​របស់​កម្ពុជា បាន​ធ្វើការ​ជាប់​ជា​ប្រចាំ​ជាមួយ​ភាគី​ថៃ និង​បាន​ស្នើ​ម៉ា​ឡេ​ស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ​លើ​កិច្ចការ​នេះ ។

សម្តេច​បវរ​ធិ​បតី​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាម​រយៈ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ធ្វើការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម (ICRC) ដើម្បី​ខិតខំ​ជំរុញ​ការ​ដោះ​លែងឱ្យ​បាន​ឆាប់​បំផុត ។

ទន្ទឹម​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (AICHR) និង​គណៈកម្មការ​សិទ្ធិ​មនុស្សជាតិ​របស់​ប្រទេស​ថៃ (National Human Rights Commission of Thailand) ដើម្បី​ខិតខំ​ជំរុញ​បន្ថែម​ទៀត​ឱ្យ​មានការ​ដោះ​លែង និង​បញ្ជូន​យោធា​កម្ពុជា​ទាំង​១៨ រូប ត្រលប់​មក​មាតុប្រទេស​វិញ ឱ្យ​បាន​ឆាប់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ