រាជធានីភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា បើគិតចាប់ពីវេលាម៉ោង០០និង១នាទីរំលងអធ្រាត្រ ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង៦និង១០នាទីព្រឹកនេះ សភាពការណ៍នៅជួរមុខតាមខ្សែបន្ទាត់ព្រំដែននៃទិសព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់ ខណៈដែលកងកម្លាំងរបស់យើង មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតួនាទីរបស់ខ្លួន ។

ការគូសបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯកបែបនេះក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងថា ជាថ្មីម្តងទៀតកម្ពុជាបាន និងកំពុងតែអនុវត្តន៍ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលភាគីកម្ពុជា ថៃ បានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលតាមរយៈឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ប្រកបដោយទំនួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគោរព និងអនុវត្តន៍យ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ គឺយើងសម្រេចបាននូវលទ្ធផលជាជំហានៗយ៉ាងច្រើន ចាប់ពីថ្ងៃចូលជាធរមាន នៃបទឈប់បាញ់នេះ ហើយថា រហូតមកទល់នឹងពេលនេះ បណ្តាអនុព័ន្ធយោធានៃប្រទេសមួយចំនួននៅតែបន្តចុះសង្កេតការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទៅលើទីតាំងដែលធ្លាប់មានការវាយប្រយុទ្ធគ្នា ដើម្បីធ្វើការពិនិត្យទៅលើការអនុវត្តបទឈប់បាញ់ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្ដថា សកម្មនេះ បានបង្ហាញពីលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបាននាំមកនូវការឯកភាពគ្នាលើបទឈប់បាញ់ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា ការចូលរួមរបស់បណ្តាប្រទេសជាដៃគូ គឺឆ្លុះបញ្ចាំងឱ្យឃើញពីគោលបំណងប្រាថ្នារួម នៅក្នុងការអនុវត្តបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពី កម្ពុជា-ថៃ ។
ពាក់ព័ន្ធនឹងកងកម្លាំងកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា ភាគីថៃ គឺមិនទាន់បានបញ្ជូនមកកម្ពុជាវិញនៅឡើយទេ ក្រៅតែពីកងកម្លាំងរបស់យើង២រូប ដែលស្ថិតក្នុងស្ថានភាពមានរបួសត្រូវបានបញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបាន និងកំពុងបន្តជំរុញឱ្យខាងភាគីថៃប្រគល់កងកម្លាំងកម្ពុជាទាំង១៨រូប នេះមកវិញឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕
ចែករំលែកព័តមាននេះ