រាជធានីភ្នំពេញ ៖ យុវតី ល្អ ហួស បានប្រកាសនឹងធ្វើរឿងមួយដើម្បីជាតិ ពាក់ព័ន្ធនឹងជម្លោះរវាងកម្ពុជា និងថៃ ប្រសិនបើនាងមានឱកាសតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីបវរកញ្ញានៅលើឆាកអន្តរជាតិ ។ រឿងដែលនាងនឹងធ្វើនោះ គឺនាងនឹងបកស្បែកមុខមាត់ពិតរបស់ប្រទេសថៃជូនប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម ល្អ ហួស បានអះអាងថា បើសិនជាឆ្នាំ2026 នាងខ្ញុំមានឱកាសតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាម្ដងទៀត ដែលប្រកួតនៅប្រទេស« ឥណ្ឌា » នាងខ្ញុំសូមសន្យាថា និងបកស្រោមមុខសន្ដានសៀម ជូនប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ ។
ដោយឡែក ទន្ទឹមនឹងការប្រកាសខាងលើនេះដែរ ល្អ ហួស ក៏បានគូសបញ្ជាក់ថា បើមានកម្មវិធីសម្រស់ត្រូវតម្រូវអោយនាងខ្ញុំទៅប្រកួតនៅសៀម ដាច់ខាតខ្ញុំមិនទៅប្រកួតទេ គ្មានអ្វីត្រូវយកទង់ជាតិដ៏ស្រស់ស្អាតរបស់ខ្មែរយើងទៅបន្ទាបតំលៃអោយពួកលាមកសៀមជាន់ឈ្លីទៀតនោះទេ ។

ការអះអាងខាងលើ របស់ ល្អ ហួស នាពេលនេះ គេឃើញមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ដ្បិតប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងសម្តែងការឈឺចាប់យ៉ាងខ្លាំងពីការឈ្លានពានរបស់ថៃមកលើដែនដីដែលជាអធិបតេយ្យភាពរបស់កម្ពុជា ។
ជាការកត់សម្គាល់ ល្អ ហួស ធ្លាប់បានគ្រងមកុដនៃកម្មវិធី Miss Preteen Junior Idol ២០២៤ ដែលបានធ្វើឡើងនៅក្នុងវគ្គផ្តាច់ព័ត្រកាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ ។
ដោយឡែក ក្រៅពីការគ្រងម្កុដកញ្ញាឯកក្នុងកម្មវិធីខាងលើ ល្អ ហួស ក៏បានឈ្នះពានរង្វាន់ជាច្រើនទៀតផងដែរពីកម្មវិធី ដោយសារនាងអាចមានសមត្ថភាព និងទេពកោសល្យដ៏ល្អ សម្រាប់ការប្រកួតពីមួយវគ្គទៅមួយវគ្គ ។

បន្ទាប់ពីគ្រងម្កុដ Miss Preteen Junior Idol ២០២៤ ជាជំហាន់ដំបូងរបស់ខ្លួននាពេលនេះ ទស្សនិកជនរំពឹងថា ល្អ ហួស នឹងត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ចូលរួមការប្រកួតកម្មវិធីសម្រស់ធំៗជាបន្តបន្ទាប់ទៀតនាពេលអនាគតដែលនោះ ក៏ជាគោលដៅសំខាន់របស់ យុវតីរូបនេះ និងក្រុមគ្រួសាររបស់នាងផងដែរ ។
គួរបញ្ជាក់ថា ល្អ ហួស ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀតបានចូលរួមយ៉ាងសកម្មភាពតាមរយៈការផ្តល់ជាសម្លេង និងសកម្មភាពមនុស្សធម៌នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងលើកទឹកចិត្តកងទ័ពជួរមុខដែលឈរការពារទឹកដីពីការឈ្លានពានរបស់ថៃ ។

ជាក់ស្តែង ក្នុងអំឡុងពេលសង្គ្រាមកំពុងកើតឡើងនោះ ល្អ ហួស បានបញ្ចេញសំណេររបស់ខ្លួនលើបណ្តាញសង្គមថា ជាតិសាសន៍របស់ខ្ញុំស្លូតត្រង់និងមានបេះដូងល្អណាស់ មិនដែលបំពានអ្នកមុនទេ ប៉ុន្តែបើអ្នកចង់បំពានមកខ្ញុំមុន ខ្ញុំនឹងជូនតាមសំណូមពរ ក្នុងនាមជាកូនខ្មែរដែលស្រលាញ់និងការពារទឹកដីជាតិសាសន៍របស់ខ្លួន ៕




ចែករំលែកព័តមាននេះ