ខេត្តបាត់ដំបង៖ ក្រុមអាជីវករ និង ក្រុមអ្នកជិះកង់ប្រចាំស្រុកភ្នំព្រឹក បាននាំគ្នារ៉ៃអង្គាសនូវគ្រឿងឧបភោគ បរិភោគ យកទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាលើកទី២ កាលពីថ្ងៃទី ០១ សីហា ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក។
គ្រឿងឧបភោគ បរិភោគ ទាំងនោះមានដូចជា៖ ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ ទឹកសុទ្ធ ភេសជ្ជៈគ្រប់ប្រភេទ មានទាំងផ្លែឈើរផង។ល។និង។ល។ ស្បៀងអាហារទាំងនេះ បានមកពីការគៀងគររបស់ក្រុមអាជីវករ និង ក្រុមអ្នកជិះកង់ ប្រចាំស្រុកភ្នំព្រឹក។ ហើយនេះក៏ជាការចែកជូននូវគ្រឿងឧបភោគ បរិភោគ ជាលើកទី២ ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក។
ប្រធានក្រុមអ្នកជិះកង់ប្រចាំស្រុកភ្នំព្រឹក លោក ភៀន ចាង បានប្រាប់កោះសន្តិភាពនៅថ្ងៃទី០២ សីហា នេះថា សកម្មភាពបងប្អូនអាជីវករ និង ក្រុមអ្នកជិះកង់របស់លោក បានលើកទឹកដល់កងកម្លាំងប្រដាប់អាវុធបែបវប្បធម៏«ខ្មែរជួយខ្មែរ» តាមរយៈការឧបត្ថម្ភជូននូវស្បៀងអាហារបែបនេះ គឺជាលើកទី២ហើយ បន្ទាប់ឧបត្ថម្ភជូនលើកទី១ កាលពីថ្ងៃទី ២៧ កក្កដា កន្លងទៅ។
លោក ភៀន ចាង បានបញ្ជាក់ថា មើលទៅគ្រឿងឧបភោគ បរិភោគ ទាំងនេះហាក់មិនច្រើនប៉ុន្មាន ហើយក៏មិនគ្រប់គ្រាន់ដែរ ប៉ុន្តែនេះជាទឹកចិត្តបងប្ងូនអាជីវករ និង ក្រុមអ្នកជិះកង់ដើម្បីសុខភាពរបស់លោក ដែលតែងធ្វើបែបនេះនាពេលកន្លងមក ស្ទើរក្លាយជា«វប្បធម៏»ទៅហើយ ក្នុងន័យ«ខ្មែរជួយខ្មែរ» ក្នុងគ្រាអាសន្ន។
បើតាមលោក ភៀន ចាង បានបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ ទាំងនេះមួយចំនួន បានជួយឧបត្ថម្ភដល់រដ្ឋបាលស្រុកភ្នំព្រឹក មួយចំនួនជួយដល់កងកម្លាំង វរៈនគរបាលការពារព្រំដែន និង មួយចំនួនទៀត ជូនដល់កងកម្លាំងយោធា ដែលកម្លាំងប្រដាប់អាវុធទាំងនេះ កំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក ផ្ទាល់តែម្ដង៕











ចែករំលែកព័តមាននេះ