រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ប្តេជ្ញាខិតខំអស់ពីសមត្ថភាពដើម្បីស្ដារសន្តិភាពពេញលេញឱ្យបានលឿនបំផុត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្ដាលឱ្យមានអ្នកស្លាប់និងរបួស ជាច្រើននាក់ រួមទាំងជម្លៀសពលរដ្ឋទៅកាន់ជំរំភៀសខ្លួនរាប់សិបម៉ឺននាក់។
យោងតាមបណ្ដាញសង្គមផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះថា ឯកអគ្គរាជទូត អ៊ូអិណុបានអញ្ជើញទៅកាន់កន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងតំបន់ដែលបានទទួលផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ។
ឯកអគ្គរាជទូត បានថ្លែងថាលោកបានទៅឃើញជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ក៏ដូចជាកន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។
ឯកអគ្គរាជទូត បានលើកឡើងថានៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន លោកមានការគ្រាំគ្រាចិត្តជាពន់ពេក។
«ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចនេះ និងសូមចូលរួមសោកស្តាយឥតឧបមាចំពោះអ្នកដែលបានរងផលប៉ះពាល់»។ នេះជាប្រសាសន៍របស់ឯកអគ្គរាជទូត អ៊ូអិណុ។
ជាមួយគ្នានេះ ឯកអគ្គរាជទូត បានមានប្រសាសន៍គូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។ រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវចំណុចនេះ»៕
ចែករំលែកព័តមាននេះ