ទីក្រុងកៀវ៖ នៅដំណាក់កាលចុងក្រោយនេះ រុស្ស៊ីបង្កើនការវាយប្រហារទៅលើទីក្រុងកៀវកាន់តែខ្លាំងឡើងៗ។ កាលពីយប់មិញ រុស្ស៊ីពន្លះមួយប្រាវទៀតទៅលើរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៣១នាក់។ នៅក្នុងចំណោមនោះក៏មានកុមារម្នាក់អាយុ២ឆ្នាំផងដែរ។ ក្រៅពីនេះ មនុស្សជាង១៥០នាក់រងរបួស។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្លែងនៅថ្ងៃសុក្រ។
កុមារដែលទើបតែចេះដើរតិកតាក់ៗម្នាក់នោះជាក្មេងទីបីដែលស្លាប់ក្រោមការវាយប្រហាររបស់រុស្ស៊ី។ អាជ្ញាធរអ៊ុយក្រែនអះអាងថារុស្ស៊ីបញ្ជូនដ្រូនជាង៣រយគ្រឿង និងមីស៊ីល៨គ្រាប់វាយសង្គ្រប់ទៅលើទីក្រុងកៀវ។ ជនរងគ្រោះដែលស្លាប់ក៏មានអនីតិជន២នាក់ផងដែរ ម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ១៧ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់នាយខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន លោកអានឌ្រី យេម៉ាក (Andriy Yermak)។
សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនថ្លែងថានៅក្នុងចំណោមអ្នករបួសទាំងនោះក៏មានកុមារចំនួន១៦នាក់ផងដែរ។ អ៊ុយក្រែនចាត់ទុកថានេះជាការរងរបួសកុមារដ៏ច្រើនបំផុតដោយសារការវាយប្រហារត្រឹមតែមួយលើកប៉ុណ្ណោះទៅលើរដ្ឋធានីរបស់ខ្លួនចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ អាជ្ញាធរអ៊ុយក្រែនប្រកាសយកថ្ងៃសុក្រនេះជាទិវាកាន់មរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះ។ ទន្ទឹមនឹងនោះ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តបេសកកម្មរបស់ខ្លួន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រីយូលីយ៉ា ស្វ៊ីរីដឹនកូ (Yulia Svyrydenko) បានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាកាលពីព្រឹកមិញ សាកសពកុមារអាយុ២ឆ្នាំម្នាក់ត្រូវគេទាញចេញពីគំនរបាក់បែក។ ដូចនេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១នាក់។ ក្នុងនោះ ៣នាក់ជាកុមារ។ លោកស្រីសរសេររៀបរាប់បន្តទៀតថាមនុស្សជាង១៥០នាក់ត្រូវរបួសដោយសារការវាយប្រហារលើកនេះ។
លោកស្រីនាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្លែងថាពិភពលោកមានគ្រប់វិធីទាំងអស់ទៅតាមសេចក្ដីត្រូវការរបស់ពួកគេដើម្បីនាំយកប្រទេសរុស្ស៊ីទៅទទួលខុសត្រូវនៅចំពោះមុខច្បាប់។ អ្វីដែលនៅខ្វះខាតនោះមិនមែនអំណាចទេ ប៉ុន្តែគឺឆន្ទៈក្នុងការធ្វើរឿងនេះ។ កាលពីយប់មិញ លោកត្រាំក៏ឆ្លៀតផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មានផងដែរ។ លោកចាត់ទុកទង្វើរបស់រុស្ស៊ីទៅលើអ៊ុយក្រែនមានលក្ខណៈអាក្រក់យង់ឃ្នងគួរឱ្យស្អប់ខ្ពើម។
លោកត្រាំទុកពេលឱ្យរុស្ស៊ីសម្រេចចិត្តត្រឹមថ្ងៃទី៨ ខែសីហាខាងមុខនេះជាឱសានវាទចុងក្រោយ។ បន្ទាប់មក លោកនឹងចាត់វិធានការឆ្លើយតប។ បើលោកពូទីនយល់ព្រមចូលតុចរចាដើម្បីឱ្យមានបទឈប់បាញ់ជាដំណឹងល្អ។ ប៉ុន្តែបើលោកមិនព្រមទេ អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែលោកត្រាំមិនទាន់ច្បាស់ថាតើការដាក់ទណ្ឌកម្មអាចបញ្ឈប់សកម្មភាពរបស់រុស្ស៊ីដែរឬទេ៕
ចែករំលែកព័តមាននេះ