ទីក្រុងតេអេរ៉ង់៖ ទីភ្នាក់ងារសម្ងាត់អ៊ីរ៉ង់ចោទប្រកាន់ថាអាមេរិក និងអ៊ីស្រាអែលចង់ពួតដៃគ្នាផ្ដួលរំលំរបបដឹកនាំសព្វថ្ងៃ និងចង់លើកបន្តុបរដ្ឋាភិបាលថ្មីក្រោមខ្សែញាក់របស់ខ្លួន។ អ៊ីរ៉ង់ចោទទៀតថារដ្ឋាភិបាលអាយ៉ងថ្មីដែលប្រទេសទាំង២ប្រុងបង្កើតនោះនឹងដឹកនាំដោយព្រះរាជបុត្ររបស់អតីតព្រះមហាក្សត្រអ៊ីរ៉ង់ចុងក្រោយដែលត្រូវពួកបដិវត្តផ្ដួលរំលំកាលពីឆ្នាំ១៩៧៩។
ប្រតិបត្តិការសម្ងាត់របស់អាមេរិក និងអ៊ីស្រាអែល បើយោងតាមការចោទប្រកាន់របស់អ៊ីរ៉ង់ បានចេញជារូបរាងពិតប្រាកដនៅខែមិថុនា។ ពោលគឺគាប់ជួននឹងពេលនោះអាមេរិក និងអ៊ីស្រាអែលវាយប្រហារតាមអាកាសទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ថាប្រតិបត្តិការលើកបន្តុបរដ្ឋាភិបាលថ្មីនេះជាសង្គ្រាមដែលរៀបចំទុកជាមុន និងធ្វើឡើងជាពហុភាគី។
ដំណឹងនេះមិនមែនជាសញ្ញាល្អទាល់តែសោះសម្រាប់របបដឹកនាំនៅអ៊ីរ៉ង់ក្រោមការដឹកនាំរបស់អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោកអាលីខាមេនី (ali Khamenei)។ ហេតុនេះ អ៊ីរ៉ង់បន្តគាស់រំលើងពួកបង្កប់ស៊ីរូងផ្ទៃក្នុងបន្ទាប់ពីមានសង្គ្រាមរយៈពេល២អាទិត្យជាមួយអ៊ីស្រាអែល។ អ៊ីរ៉ង់ថាជម្លោះកាលនោះពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនមែន។ ប៉ុន្តែទន្ទឹមនឹងនោះ អាមេរិក និងអ៊ីស្រាអែលក៏ចង់ឆ្លៀតយកឱកាសនេះបង្កអស្ថិរភាពនៅអ៊ីរ៉ង់ដើម្បីជាប្រយោជន៍របស់ពួកគេរយៈពេលវែង។
ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់អះអាងថាអាមេរិក និងអ៊ីស្រាអែលព្យាយាមបញ្ជូនកងសន្តិសុខទៅឈរជើងនៅទីក្រុងតេអេរ៉ង់ដើម្បីជាផ្នែក១នៃផែនការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់។ ពួកគេចង់លើកបន្តុបព្រះអង្គម្ចាស់រេហ្សា ផាឡាវី (Reza Pahlavi) ជាព្រះរាជបុត្រច្បងរបស់ស្ដេចសាអ៊ីរ៉ង់ អតីតព្រះមហាក្សត្រមហាមេត រេហ្សា ផាឡាវី (Mohammad Reza Pahlavi)។
សូមរំលឹកថាកាលពីឆ្នាំ១៩៥៣មានរដ្ឋប្រហារមួយនៅអ៊ីរ៉ង់ដែលគាំទ្រដោយភ្នាក់ងារសម្ងាត់ស៊ីអាយអេរបស់អាមេរិក (CIA) ។ រដ្ឋប្រហារនេះបានយកត្រឡប់មកវិញនូវរបបរាជានិយមដែលលំអៀងទៅខាងក្រុមបស្ចិមប្រទេស។ ប៉ុន្តែក្រោយមកនៅឆ្នាំ១៩៧៩ មានចលនាបដិវត្តឥស្លាមផ្ដួលរំលំរបបរាជានិយមនោះ និងប្រកាសជារដ្ឋឥស្លាមដឹកនាំអ៊ីរ៉ង់រហូតដល់សព្វថ្ងៃ។
នៅពេលមានបដិវត្តអ៊ីរ៉ង់ ព្រះអង្គមហាមេត រេហ្សា ផាឡាវី ក៏ភៀសព្រះកាយចេញពីប្រទេសនៅឆ្នាំដដែលនោះ។ ចំណែកព្រះរាជបុត្ររបស់ព្រះអង្គ (ព្រះអង្គម្ចាស់រេហ្សា ផាឡាវី) ដែលសព្វថ្ងៃគង់នៅប្រទេសអាមេរិកតែងតែចង់ឃើញការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់តាមវិធីអហិង្សា។ ប៉ុន្តែព្រះអង្គមិនសូវមានគេស្គាល់ប៉ុន្មានទេ ជាពិសេសក្មេងជំនាន់ក្រោយ។ ហេតុនេះ មានអ្នកគាំទ្រតិចតួច។ នេះបើយោងតាមប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ