ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក​នឹង​ចុះ​ទៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​យប់​នេះ

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ…

​រាជធានីភ្នំពេញ​ ៖ រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ តាន់​ស្រ៊ី អេ​ច​ជេ ម៉ូ​ដ នី​ហ្សា​ម​ប៊ី​ន អេ​ច​ជេ ចា​ហ្វា អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​។

ក្នុង​ជំនួប​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​សេចក្តី​សោមនស្ស​រីករាយ និង​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី ដើម្បី​សម្រប​សម្រួលការ​អនុ​វត្តបទ​ឈប់​បាញ់ និង​វិល​ត្រលប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ ។

ឯកឧត្តម អគ្គមេបញ្ជាការ បាន​សំណូមពរ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី ក្នុង​ការ​ជួយ​តាមដាន​សភាពការណ៍ និង​សម្របសម្រួល​ក្រុម​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់ ដើម្បី​កម្ពុជា​ឈាន​ទៅ​ទទួល​បាន​សន្តិភាព គណនេយ្យ​ភាព និង​និរន្តរភាព​ ។

ក្នុង​កិច្ច​ឆ្លើយ​តប ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នី​ហ្សា​ម ចា​ហ្វា បាន​គូសបញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នៅ​កម្ពុជា ក្នុង​គោលបំណង​សំខាន់​គឺ​ធ្វើ​ឲ្យ​ប្រាកដ​នូវ​និ​តិ​វិធី និង​ដំណើរការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ប្រកបដោយ​លទ្ធផល​ល្អ​ ។

ឯកឧត្តម អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ថា នឹង​បង្កើត​ក្រុម​សង្កេតការណ៍​ចំនួន​ពីរ​ក្រុម ដែល​មួយ​ក្រុម​មាន​អនុព័ន្ធយោធា​របស់​ម៉ា​ឡេ​ស៊ី ប្រចាំ​កម្ពុជា ជា​ប្រធាន ហើយ​មួយ​ក្រុម​ទៀត មាន​អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី ប្រចាំ​ប្រទេស​ថៃ ជា​ប្រធាន ដើម្បី​ចេញ​សង្កេតការណ៍​នៅ​ថ្ងៃស្អែក​នេះ​។

ឯកឧត្តម អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី បញ្ជាក់​ថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​នេះ​រួច លោក​នឹង​ចុះ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​យប់​នេះ ដើម្បី​ធ្វើការ​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ មេបញ្ជាការ​យោធភូមិ​ភាគ​ទី​១, ទី​២​របស់​ថៃ និង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤, ទី​៥ កម្ពុជា​។

ជា​ចុងបញ្ចប់ ឯកឧត្តម អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី បាន​សម្ដែង​នូវ​សុ​ទិ​ដ្ឋ​និយម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា សន្តិភាព​នឹង​ទទួល​បាន​ពិតប្រាកដ និង​មាន​រយៈពេល​វែង តាម​រយៈ​ការ​ខិតខំ​ធ្វើ​ដោយ​ស្មោះត្រង់ តម្លាភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ