ទីក្រុងកៀវ៖ ថ្ងៃនេះ រុស្ស៊ីលេងមួយអស់ដៃតែម្ដង និងវាយប្រហារស្លាប់អ៊ុយក្រែនយ៉ាងតិច២៥នាក់ ឬប្រភពខ្លះថាស្លាប់ដល់២៧នាក់ (យោងតាមអេភី (AP)) រួមទាំងស្ត្រីកំពុងមានគភ៌នៅក្នុងផ្ទៃវ័យ២៣ឆ្នាំម្នាក់ផងដែរ។ ក្រៅពីនេះអ្នកជាប់ឃុំរាប់សិបនាក់នៅក្នុងពន្ធនាគារក៏រងរបួសដោយសារស្នាដៃរុស្ស៊ីផងដែរ។ ទន្ទឹមនឹងនោះ វិមានក្រឹមឡាំងបញ្ជាក់ជំហរឡើងវិញថារដ្ឋាភិបាលរបស់ខ្លួនប្រាថ្នាចង់បានណាស់នូវកិច្ចព្រមព្រៀងសន្តិភាពដ៏ពិតប្រាកដ១ដើម្បីរំលត់ភ្នក់ភ្លើងសង្គ្រាមនេះជាស្ថាពរ។
ការវាយប្រហាររបស់រុស្ស៊ីលើកនេះកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកត្រាំធ្វើបច្ចុប្បន្នភាពឱសានវាទរបស់គាត់ដោយទុកពេលឱ្យពី១០-១២ថ្ងៃទៀតប៉ុណ្ណោះត្រូវតែចូលតុចរចា និងទទួលយកបទឈប់បាញ់។ បើមិនដូច្នេះទេ រុស្ស៊ីប្រុងខ្លួនឱ្យហើយទៅ, អាចនឹងមានកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច ឬវិធានការក្ដៅដទៃទៀត។ មានន័យថាការដាក់ឱសានវាទរយៈពេល៥០ថ្ងៃកាលពីមុននេះត្រូវបានបង្រួញឱ្យកាន់តែខ្លីជាងមុន។ ត្រាំថាគាត់វេទនាភ្នែកណាស់ឃើញមនុស្សស្លាប់រាល់ថ្ងៃ។
មេដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ចោទថារុស្ស៊ីមានចេតនាវាយប្រហារពន្ធនាគារនៅតំបន់ហ្សាប៉ូរីហ្សៀ (Zaporizhzhia)។ ទីនេះត្រូវរុស្ស៊ីដាក់បញ្ចូលជាទឹកដីរបស់ខ្លួនតាំងពីឆ្នាំ២០២២ និងអនុម័តដោយរដ្ឋសភារួចហើយ។ ហ្សេឡិនស្គីថាគ្រាន់តែនៅពន្ធនាគារនេះ១ប៉ុណ្ណោះមានមនុស្សស្លាប់១៦នាក់ និងរបួសជាង៤០នាក់។ លោកថានោះជាការវាយប្រហារដោយចេតនា និងគិតទុកជាមុន។ ពោលគឺមិនមែនជារឿងចៃដន្យទេ។ រុស្ស៊ីមិនអាចមិនដឹងថាទីនោះជាទីតាំងរបស់ជនស៊ីវិលនោះទេ។
ប៉ុន្តែវិមានក្រឹមឡាំងយល់ឃើញផ្ទុយពីលោកហ្សេលីនស្គី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស ថ្លែងប្រាប់អ្នកសារព័ត៌មានថាកងទ័ពរុស្ស៊ីគ្មានគោលការណ៍វាយប្រហារទីតាំងស៊ីវិលទេ។ លោកថ្លែងបន្តទៀតថាទីក្រុងម៉ូស្គូក៏បានស្ដាប់ឮរួចហើយនូវការកំណត់ឱសានវាទរបស់លោកត្រាំ។ លោកថាម៉ូស្គូនៅតែមានឆន្ទៈក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន ហើយទន្ទឹមនឹងនោះត្រូវតែការពារផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ។
ក្រសួងយុត្តិធម៌អ៊ុយក្រែនថ្លែងថារុស្ស៊ីប្រើប្រាស់គ្រាប់បែកបំពាក់ប្រព័ន្ធបញ្ជាពីចម្ងាយវាយប្រហារពន្ធនាគារ បណ្ដាលឱ្យបែកដុំឥដ្ឋ និងគំនរបេតុងរាយប៉ាយពាសពេញទីបរិវវេណនោះ។ ក្នុងនោះ កញ្ចក់បង្អួចជាច្រើនត្រូវបែកខ្ចាយដោយអានុភាពនៃគ្រាប់បែក។ បរិវេណខាងក្រៅពន្ធនាគារមិនបានខូចខាតទេ ហើយអ្នកទោសក៏មិនបានហែកគុករត់ទៅណាដែរ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនប្រាប់ថានៅពន្ធនារគារនោះមានទណ្ឌិត២៧៤នាក់កំពុងអនុវត្តទោស និងមានបុគ្គលិកបម្រើការ៣០នាក់។
កាលពីយប់មិញ កងទ័ពអាកាសអ៊ុយក្រែនអះអាងថារុស្ស៊ីបញ្ជូនដ្រូន៣៧គ្រឿង និងមីស៊ីល២គ្រាប់វាយប្រហារទៅលើទីក្រុងនានា។ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនអាចបាញ់ធ្លាក់ដ្រូនរុស្ស៊ី៣២គ្រឿង។ លោកហ្សេឡិនស្គីថ្លែងថារុស្ស៊ីក៏បានវាយប្រហារមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងខាមីយ៉ាន់ (Kamyanske) នៃតំបន់ឌីនីប្រូប៉េត្រូសផងដែរ (Dnipropetrovsk)។
លោកហ្សេឡិនស្គីអះអាងថាមនុស្សបីនាក់ស្លាប់នៅក្នុងការវាយប្រហារនោះរួមទាំងនារីឈ្មោះដាយអាណា (Diana) វ័យ២៣ឆ្នាំដែលកំពុងមានគភ៌។ កាលពីយប់មិញដដែល រុស្ស៊ីវាយប្រហារតំបន់ខាគីវដែលស្ថិតនៅជាប់នឹងព្រំដែនរុស្ស៊ីបណ្ដាលឱ្យស្លាប់មនុស្ស៦នាក់។ នេះបើតាមការអះអាងរបស់អាជ្ញាធរប្រចាំតំបន់កើតហេតុ។ នៅតំបន់រ៉ូស្តូស (Rostov) ភាគខាងត្បូងអ៊ុយក្រែនស្លាប់មនុស្សម្នាក់។ នេះបើយោងតាមប្រភពពីឆេនណល ញូ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ