ខេត្តសៀមរាប៖ ក្រុមគ្រូពេទ្យ បានជួយសង្គ្រោះជីវិតទារកតូចអាយុ ៧ ខែ ដោយការវះកាត់ដែលមានសរីរាង្គមិនប្រក្រតីស្មុគស្មាញតាំងពីកំណើត។
មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថាទារកអាយុ ៧ ខែ ដែលមានដើមកំណើតពីភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជ័យសែន ខេត្តព្រះវិហារ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ ទារករូបនេះមានបញ្ហាសរីរាង្គមិនប្រក្រតីស្មុគស្មាញពីកំណើត (cloacal exstrophy + hemibladder/hemipenis/epispadias) ពោលគឺពោះវៀន ប្លោកនោម និងប្រដាប់ភេទបានលៀនចេញមកក្រៅពោះ និងបែកជាពីរ។
ដោយមើលឃើញពីភាពកម្រ និងស្មុគស្មាញនៃករណីនេះ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដឹកនាំដោយ លោកសាស្រ្តាចារ្យ កែវ សុខា អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងជាប្រធានផ្នែកវះកាត់ រួមជាមួយក្រុមគ្រូពេទ្យវះកាត់កុមារ គ្រូពេទ្យសង្គ្រោះបន្ទាន់កុមារ និងក្រុមគ្រូពេទ្យផ្នែករូបភាពវេជ្ជសាស្ត្រ បានកំណត់យន្តការរួមនៃការព្យាបាលជាបីដំណាក់កាល៖
- ដំណាក់កាលទីមួយ: វះកាត់ញែកពោះវៀនចេញពីប្លោកនោម និងបង្ហួរនោម បញ្ចូលពោះវៀនទៅក្នុងពោះវិញ រួចជួសជុលប្លោកនោមឲ្យជិតល្អ ព្រមទាំងដាក់បញ្ចេញរន្ធលាមកតាមចង្កេះ (ileostomy) ជាបណ្ដោះអាសន្ន។
- ដំណាក់កាលទីពីរ: បន្ទាប់ពី ៣ ទៅ ៦ ខែ នឹងធ្វើការវះកាត់ជួសជុលរន្ធគូថ (anoplasty) និងដាក់ប្លោកនោមទៅក្នុងពោះដូចធម្មជាតិវិញ។
- ដំណាក់កាលទីបី: ២ ឆ្នាំក្រោយ នឹងជួសជុលប្រដាប់ភេទ (Hemipenis)។
បច្ចុប្បន្ន ដំណាក់កាលទីមួយនៃការព្យាបាលបានដំណើរការទៅដោយជោគជ័យ។ ដោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងជាលំដាប់ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបបានអនុញ្ញាតឲ្យទារករូបនេះត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងស្នាមញញឹមរីករាយ។ លើសពីនេះ មន្ទីរពេទ្យក៏បានឧបត្ថម្ភសេវាធ្វើដំណើរ ទឹកដោះគោ និងខោទឹកនោម ដល់គ្រួសាររបស់ទារកផងដែរ។
ទោះជាយ៉ាងណា កុមាររូបនេះនឹងត្រូវបន្តតាមដាន និងណាត់ជួបក្នុងរយៈពេល ២ ខែទៀត ដើម្បីវាយតម្លៃលទ្ធផលជាក់ស្ដែងនៃការព្យាបាល និងត្រៀមសម្រាប់វះកាត់កែតម្រូវដំណាក់កាលទីពីរ៕
ចែករំលែកព័តមាននេះ