ខេត្តសៀមរាប៖ ជនភៀសខ្លួនក្នុងជំរំសុវត្ថិភាពប្រមាណជិត១០ម៉ឺននាក់ ទទួលបានគ្រឿងឧបភោគបរិភោគពីស្ដ្រីទី១នៃកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគ្រាដ៏លំបាកនាពេលនេះដែលបង្កឡើងដោយទង្វើថៃឈ្លានពានមកលើកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាស់ចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរំសុវត្ថិភាព។
ជនភៀសខ្លួនទាំងនេះមានចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាបរួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន ១.០០០ គ្រួសារស្មើនឹង៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន៤០០គ្រួសារស្មើនឹង១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន ស្រុកស្រីស្នំ ខេត្តសៀមរាបចំនួន១.០០០គ្រួសារស្មើនឹង៣.១៧៨នាក់។
សូមបញ្ជាក់ជូនថាផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសខ្លួនពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ៕
ចែករំលែកព័តមាននេះ