ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីពលរដ្ឋខ្មែរម្នាក់ បានឈឺពោះឆ្លងទន្លេនៅពេលដើរកាត់ភ្លៀង ចូលពីដីថៃមកដល់ទឹកដីខ្មែរ ។ ពេលនេះឯកឧត្តម ប៉ាន់ខែម ប៊ុនថន ទាញឆត្រធំមួយស្ទុះយកទៅទទូរ និងគ្រាហ៍ស្ត្រីរូបនោះដើម្បីនាំទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ថ្ងៃទី២៨ កក្កដា វេលាម៉ោង១រសៀល ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ជានាយរងខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួលមូលដ្ឋានក្រុងប៉ោយប៉ែត តែងបានដឹកនាំក្រុមការងារមករង់ចាំទទួលពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា ។

សូមបញ្ជាក់ថា នៅពេលឯកឧត្តម ប៉ាន់ខែម ប៊ុនថន កំពុងចាំទទួលពលរដ្ឋខ្មែរត្រឡប់ពីថៃចូលមកកម្ពុជានោះ ស្រាប់តែឃើញស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែហើយឈឺពោះ បានដឹកដៃកូនស្រីម្ខាង និងដៃម្ខាងទ្រពោះដើរកាត់ភ្លៀងរលឹម ហើយទ្រពោះដើរចេញពីទឹកដីថៃចូលមកដល់ទឹកដីកម្ពុជា ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានទាញឆត្រធំយកទៅទទូរឱ្យការពារទឹកភ្លៀង និងគ្រាហ៍ទៅរកគ្រូពេទ្យប្រចាំការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយក៏សម្រាលបានទារិកាម្នាក់មានសុខភាពធម្មតា ។

ស្ត្រីជាម្ដាយទារិកា និងជាប្រជាពលរដ្ឋ បានពោលពាក្យកោតសរសើរ និងបានសម្ដែងការដឹងគុណ ចំពោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋ ដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅពេលភាគីថៃបិទបើកច្រកទ្វារព្រំដែនខ្លងលឹកថៃ ដែលឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្កផលលំបាកដល់ពលរដ្ឋ ទាំងកម្ពុជា និងថៃ ដែលវិលត្រឡប់ចូលប្រទេសវិញ តែងតែសម្របសម្រួលឈរចាំមាត់ច្រកដោះស្រាយជូនពលរដ្ឋកម្ពុជា គ្រប់ពេលនេះហើយជាភាពកក់ក្តៅសម្រាប់ពលរដ្ឋកម្ពុជា ។

គួររំលឹកថា សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជាវិលចូលប្រទេសវិញមានចំនួន៤៨៦នាក់ ស្រី២១៣នាក់ និងពលរដ្ឋថៃចាកចេញទៅថៃវិញមានចំនួន៦៨១នាក់ ស្រី៣៧៨នាក់ រហូតពេលនេះ ទាំងពលរដ្ឋកម្ពុជា និងថៃ នៅតែបន្តចេញចូលរាល់ថ្ងៃ ដូចជាមិនទាន់ស្រាកស្រាន្តនៅឡើយទេ នៅពេលដែលភាគីថៃសម្រួលពេលវេលាសម្រាប់ពលរដ្ឋវិលចូលប្រទេសរៀងខ្លួន ចាប់បើកនៅម៉ោង១រសៀលដល់ម៉ោង៦ល្ងាច ៕

ចែករំលែកព័តមាននេះ