ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​សម្រុក​មក​ពី​ថៃ​​​រាប់​ពាន់​នាក់​នៅ​ច្រក​​«ព្រំ» ខណៈ​​​អ្នកខ្លះ​ត្រូវ​​​ថៃ​មើលងា.យ និង​ខ្លះ​វា.យដំ​ធ្វើបាប​រ.ង.​របួ.ស ​

7 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ពលករ​ខ្មែរ​ក្មេង​ចាស់ ប្រុស ​ស្រី ​ជា​ច្រើន​នាក់ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចូល​មក​ដល់​ទឹកដី​ខ្មែរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥…

ខេត្ត​ប៉ៃលិន ៖ ពលករ​ខ្មែរ​ក្មេង​ចាស់ ប្រុស ​ស្រី ​ជា​ច្រើន​នាក់ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចូល​មក​ដល់​ទឹកដី​ខ្មែរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា ពួក​គេ​ស្នាក់​នៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​នា​ពេល​នេះ អត់​មាន​សុវត្ថិភាព​ទេ ដោយ​ពួក​គេ​មួយ​ចំនួន ត្រូវ​បាន​ជនជាតិ​ថៃ​មើលងាយ ព្រួត​គ្នា​វាយដំ​ទាត់​ធាក់ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ដើរ​នៅ​តាម​ដងផ្លូវ​ទៅ​ធ្វើការ និង​អ្នកខ្លះ​ទៀត​ ត្រូវ​បាន​ជនជាតិ​ថៃ​វាយ​នៅ​តាម​ផ្លូវ​សាធារណៈ​ពេល​គេ​ដើរទៅ​ទិញ​ម្ហូបអាហារ​នៅ​ផ្សារ និង​អ្នកខ្លះ​ទៀត​ត្រូវ​បាន​ជនជាតិ​ថៃ​ចូល​ទៅ​វាយ​ដល់​ក្នុង​បន្ទប់​ស្នាក់​នៅ បណ្តាល​ឱ្យ​រង​របួស ទើប​ឈប់​វាយ ដោយ​គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ថៃ​ណា​មក​ជួយ​អន្តរាគមន៍​នោះ​ឡើយ​។

​ក្រោយមក ដោយ​មើលឃើញ​សភាពការណ៍​មិន​ស្រួល និង​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ផ្ទាល់ខ្លួន ទើប​ពួក​គេ​បាន​នាំ​ក្រុម​គ្រួសារ​ប្តី​ប្រពន្ធ​និង​កូន​ៗ សម្រុក​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដោយ​អ្នកខ្លះ​មានកូន​តូច​ៗ អាយុ​ត្រឹមតែ​១-២​ឆ្នាំ ខ្លះ​ទៀត​មាន​អាយុ​៣-៤​ឆ្នាំ​ប៉ុណ្ណោះ​ ។ បើ​តាម​ប្រភព​ព័ត​មាន ពី​បុរស​វ័យក្មេង​ម្នាក់​ឈ្មោះ ម៉ា​ប់ និង​ស្ត្រី​ឈ្មោះ ពៅ មាន​កូន​តូច នៅ​ជាប់​នឹង​ដៃ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​គាត់​សូម​ស្បថ​ថា ​លែង​ជាន់​ទឹកដី​ថៃ​ទៀត​ហើយ ទោះ​បីជា​លំបាក​វេទនា​យ៉ាងណា​ក៏​នៅ​តែ​ទ្រាំធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​ជា​ច្រើន​នាក់ ត្រូវ​បាន​ថៅកែ​ថៃ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​ទេ ដោយ​សន្យា​បើក​ឲ្យ​ថ្ងៃនេះ​ថ្ងៃ​នោះ​រហូត​។ ចំណែក​អ្នកខ្លះ​ទៀត​មិន​ត្រឹម​តែ​គេ​មិន​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​និយាយ​មើលងាយ​ប្រមាថកាតទាន​ដល់​អាយុជីវិត និង​រើសអើង​ជាតិ​សាសន៍​ផង​ដែរ​ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ពួក​គេ​បាន​សល់​ថវិកា​តិចតួច ហើយ​បាន​ម៉ៅ​ឡាន​ថៃ​ជិះ​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ទឹកដី​ខ្មែរ បាន​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ​នៅ​រង់​ជួប​សំណេះសំណាល សួរសុខទុក្ខ​ដោយ​ភាព​រាក់ទាក់ ធ្វើ​ឲ្យ​មាន​ភាព​កក់ក្តៅ និង​ចាំ​ជូន​ដំណើរ​នៅ​ត្រង់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​ឱ្យ​ឡើង​រថយន្តក្រុង​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ តាម​រយៈ​រថយន្តក្រុង​រដ្ឋបាល​ខេត្ត ប៉ៃលិន​ជា​ច្រើន​គ្រឿង ដោយ​ឥត​គិតថ្លៃ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា ​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ធ្វើការ​ណែនាំ​ដល់​ក្រសួង​–​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ខេត្ត ជាប់​ព្រំដែន​ថៃ​ទាំង​៧ ជា​ពិសេស​ ខេត្ត​ប៉ៃលិន ក្នុង​ករណី​ដែល​មានការ​វិល​ត្រឡប់ ដោយ​មូលហេតុ​ណាមួយ របស់​បងប្អូន​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ត្រូវ​ត្រៀម​សម្រប​សម្រួលការ​ឆ្លងកាត់​ព្រំដែន ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក ការ​ថែទាំ​ព្យាបាល​សុខភាព​បឋម និង​ដឹក​ជញ្ជូន​ពី​ព្រំដែន ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​ឥត​គិតថ្លៃ​។

លោក​ជំទាវ​អភិបាលខេត្ត បាន​បញ្ជាក់​ថា​៖ ដោយសារ​ស្ថានភាព​ព្រំដែន​កម្ពុជា​ថៃ​នៅ​តែ​មាន​ភាព​តានតឹង និង​លំបាក​ស្នាក់​នៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ទើប​រដ្ឋបាល​ខេត្ត អំពាវនាវ​ឱ្យ​ប្រជា​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​ត្រឡប់​មក​មាតុភូមិ​យើង​វិញ មុន​ពេល​អាជ្ញាធរ​ថៃ បណ្តេញចេញ ឬ​ធ្វើការ​វាយដំ​ទាត់​ធាក់ បំពារបំពាន ដោយ​ការ​រើសអើង​ការ​ប្រមាថ​មើលងាយមើលថោក​ណាមួយ ដោយ​ក្រុមការងារ​រង់ចាំ​ទទួល​ទាំងអស់​ឱ្យ​តែ​ជា​ជនជាតិ​ខ្មែរ ទោះបីជា​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ក៏​ដោយ ហើយ​ជាក់ស្តែង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន គឺ​មាន​បងប្អូន​ពលករ​ខ្មែរ បាន​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន ត្រលប់​មក​កម្ពុជា​វិញ​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​ថ្ងៃនេះ​មាន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ដោយ​រដ្ឋបាល​ខេត្ត បាន​សហការ​ជាមួយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំពុង​រៀបចំ​ទីតាំង​ត្រៀម​ទទួល​បងប្អូន​ពលករ នៅ​ក្បែរ​ព្រំដែន ដើម្បី​សម្រួល​ទាំង​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក ការ​ថែទាំ​ព្យាបាល​សុខភាព និង​ជូន​ដំណើរ​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ជួយ​រក​ការងារ​ជូន​បងប្អូន​ពលករ​ទាំងអស់​ផង​ដែរ​។

លោក​ជំទាវ បាន ស្រី​មុំ ក៏​បាន​អំពាវនាវ និង​ជូនដំណឹង​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ឬ​ក្នុង​ករណី​បងប្អូន​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ជួប​បញ្ហា​ដែល​ថៅកែ​មិន​ទាន់​បើក​ប្រាក់ខែ ជូន និង​គ្មាន​ម​ធ្យា​បាយ​ធ្វើ​ដំណើរ​មក​ដល់​ព្រំដែន​កម្ពុជា​វិញ​។ តែ​មាន​បំណង​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់់​ខ្លួន សូម​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងារ​នឹង​រង់ចាំ​ជួយ​សម្របសម្រួល​ជូន ២៤​ម៉ោង​/២៤​ម៉ោង​។

បើ​តាម​ប្រជា​ពលករ​ម្នាក់​ទៀត ឈ្មោះ មួយ ភេទ​ស្រី បាន​បង្ហើប​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ជនជាតិ​ថៃ​ដែល​ជ្រុលនិយម ពិតជា​មាន​ចរិត​សាហាវ​ណាស់ មានការ​រើសអើង មើលងាយ​ចំពោះ​ពលករ​ខ្មែរ​យើង​យ៉ាង​ខ្លាំង ជា​ពិសេស​កំឡុង​ពេល​មាន​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ខ្មែរ ដោយ​មាន​ក្រុម​ជន​ជាតិ​ថៃ​ជ្រុលនិយម​មួយ​ចំនួន បាន​នាំ​គ្នា​ដើរ​តាម​ដងផ្លូវ ដើរ​តាម​កន្លែង​ការងារ​ការដ្ឋាន នៅ​ពេល​ឃើញ​ពលរដ្ឋ​ខ្មែរ គឺ​ពួក​គេ បាន​នាំ​គ្នា​ព្រួត​វាយ​ជនជាតិ​ខ្មែរ​យើង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ឬ​ស្រាល។

បើ​មិន​ព្រម​រត់គេច​ខ្លួន​ទេ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត​ផង​ដែរ​។ ដូច្នេះ ពួក​គាត់​ពិតជា​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព ដោយ​នាំ​គ្នា​បន់ស្រន់​បួងសួង​ដល់​ដូនតា​ឱ្យ​ជួយ​ការពារ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ស្រុក​ខ្មែរ​វិញ នឹង​ស្បថ​ថា​លែង​ជាន់​ទឹកដី​ថៃ​អស់​មួយ​ជីវិត​។ ពួក​គេ​ក៏​សូម​អំពាវនាវ និង​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​សូម​ឈប់​នាំ​គ្នា​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ទៀត​ទៅ ទោះបីជា​ស្របច្បាប់​ឬ​ខុសច្បាប់​ក្តី គឺ​គ្មាន​សុវត្ថិភាព​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ