រាជធានីភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្ត ជួយបង្រៀនសិស្សនៅតាមជំរំភៀសខ្លួន ក្នុងតំបន់រងគ្រាប់ផ្លោងតាមព្រំដែនដែនកម្ពុជា-ថៃ ជាពិសេសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
បើតាមក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា ក្រុមយុវជនស្ម័គ្រចិត្តកម្ពុជាសម្រាប់វិស័យអប់រំ បានជួបសម្ដែងការគួរសមនិងពិភាក្សាជាមួយ លោកបណ្ឌិត កាន់ ពុទ្ធិ ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងជំនួបនេះ ក្រុមការងារបានសម្រេចនិងឯកភាពលើគោលដៅរួមគ្នាដូចជា៖ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំបន្ទប់រៀន តង់ទីកន្លែងសមស្របផ្សេងៗ សម្រាប់ការបន្តការសិក្សារបស់សិស្សានុសិស្ស ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន, រៀបចំយុវជនស្ម័គ្រចិត្ត ជួយបង្រៀនសិស្សនៅតាមជំរំ ពិសេសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, កៀរគរសប្បុរសជន ក្នុងការផ្គត់ផ្គង់ជាសៀវភៅ និងសម្ភារៈសិក្សាចាំបាច់ សម្រាប់បន្តការសិក្សាជាបណ្ដោះអាសន្ន និងចូលរួមលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស នៅតាមទីតាំងសុវត្ថិភាព ដែលងាយរងគ្រោះដោយការប៉ះទង្គិចផ្លូវចិត្ត តាមរយៈសកម្មភាពផ្សេងៗ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ សាលារៀនប្រមាណ ៦០៥ កន្លែងត្រូវបានបិទទ្វារ ព្រមទាំងកុមារ និងសិស្សានុសិស្សរងគ្រោះ ដែលប៉ះពាល់ការសិក្សាប្រមាណ ១៥ម៉ឺននាក់ និងគ្រូបង្រៀនជិត៧ពាន់ នាក់ ដោយសារការឈ្លានពាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ៕
ចែករំលែកព័តមាននេះ