ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នាំ​អំណោយ​ជាង​១០០​មុខ ប្រគល់​ជូន​វីរ​កងទ័ព​ជួរ​មុខ និង​ពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​សុវត្ថិភាព​ខេត្តព្រះវិហារ

23 ម៉ោង មុន

ខេត្តព្រះ​វិហារ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នាំ​យក​អំណោយ​ជាង​១០០​មុខ ប្រគល់​ជូន​វីរ​កងទ័ព​ជួរ​មុខ និង​ពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០​ដើម ។ អំណោយ​ចម្រុះ​ជាង​១០០​មុខ ដែល​បាន​មក​ពី​ទឹកចិត្ត​សប្បុរសជន…

ខេត្តព្រះ​វិហារ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នាំ​យក​អំណោយ​ជាង​១០០​មុខ ប្រគល់​ជូន​វីរ​កងទ័ព​ជួរ​មុខ និង​ពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០​ដើម ។

អំណោយ​ចម្រុះ​ជាង​១០០​មុខ ដែល​បាន​មក​ពី​ទឹកចិត្ត​សប្បុរសជន និង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំ​យក​ទៅ​ប្រគល់​ជូន​វីរ​កងទ័ព​ជួរ​មុខ និង​ពលរដ្ឋ​កំពុង​ជម្លៀស​ចេញពី​តំបន់​ប្រឈម​មុខ​គ្នា ដោយ​អាវុធ​ពី​ការ​ឈ្លានពាន យ៉ាង​គឃ្លើន​របស់​ទាហាន​ថៃ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០​ដើម​ ។

អំណោយ​ទាំង​អស់នេះ ត្រូវ​បាន​លោក​ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​តំណាងលោក ​ឃួ​ង ស្រេង អភិបាល​ នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ​នាំ​ទៅ​ប្រគល់​ជូន​ដល់​លោក ប្រាក់ សុវណ្ណ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​ និងលោក គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ សម្រាប់​ផ្ដល់​ដល់​មណ្ឌល​សុវត្ថិភាព ​វត្ត​ពោធិ៍៥០០០​ដើម ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ ក្រោម​ការ​ទទួល​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ចែក​ជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​ ដែល​បាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ចំនួន ៣,៧៤៨​គ្រួសារ ស្មើនឹង ១២,៧២២​នាក់ ។

អំណោយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ​នាំ​យក​មក​ប្រគល់​ជូន​ដល់​កងទ័ព​ជួរ​មុខ ​និង​ប្រជាពលរដ្ឋ​ភៀស​សឹក​នា​ពេល​នេះ រួម​មាន ៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹក​ស៊ី​អៀវ ភួយ​មុង កន្ទេល បន្លែ ត្រី​សាច់ និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ទៀត សរុប​ទាំងអស់​ចំនួន​១០៣​មុខ ។

លោក ឯក ឃុន​ដឿ​ន អញ្ជើញ ក្នុង​នាម​ជា​តំណាងលោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ក្នុង​ឱកាស​នោះ បាន​ថ្លែងអំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​សប្បុរសជន​នៅ​រាជធានី​ភ្នំពេញ ដែល​តែងតែ​ចូលរួម​ចែករំលែក​ធនធាន តាម​លទ្ធ​ល​ភាព​រៀង​ៗ​ខ្លួន ដើម្បី​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ ដែល​បាន​និង​កំពុង​ជម្លៀស​ចេញពីផ្ទះ​សម្បែង​មក​ស្នាក់​នៅ​ទីកន្លែង​សុវត្ថិភាព​។ នេះ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ ខ្មែរ​ស្រលាញ់​ខ្មែរ​។ សូម​អរគុណ​នូវ​ទឹកចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង និង​សប្បុរសជន ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។

តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ មានប្រជាពលរដ្ឋ ចំនួន​៦​ឃុំ ក្នុង​ចំណោម​៨​ឃុំ​ នៃ​ស្រុក​ជាំ​ក្សាន្ត បាន​ជម្លៀស​ចេញពី​ឃុំ សរុប​ចំនួន ១១,៥៥៨​គ្រួសារ ស្មើនឹង ២៧,០៥៣​នាក់ ក្នុង​នោះ​បងប្អូន​មួយ​ចំនួន​ក៏​បាន​ទៅ​ស្នាក់​នៅផ្ទះ​សាច់ញាតិ និង​ផ្ទះ​មិត្តភក្តិ ។

ដោយ​ទ្បែ​ក ប្រជាជន​បាន​មក​ទីតាំង​មាន​សុវត្ថិភាព​ចំនួន ១៥​កន្លែង ទូ​ទាំង​ខេត្តព្រះវិហារ សរុប​មាន​ចំនួន ៥,៨៥៥​គ្រួសារ ស្នើ​នឹង ១៩,៩៤៣​នាក់​។ ដោយឡែក​នៅ មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០​ដើម សរុប​មាន​ចំនួន ៣,៧៤៨​គ្រួសារ ស្មើនឹង ១២,៧២២​នាក់​ ។

លោក គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ ក្នុង​ឱកាស​នោះ​ដែរ ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ជូន​ចំពោះលោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចាត់​ឱ្យ​តំណាង​អភិបាលរង​រាជធានី​មួយ​រូប​នាំ​យក​អំណោយ​របស់​ប្រជាពលរដ្ឋ ​និង​សប្បុរសជន​ក្នុង​រាជធានី​ភ្នំពេញ​មក​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០​ដើមនេះ​។ នេះ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ ខ្មែរ​ស្រលាញ់​ខ្មែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ