ឆ្លងចរន្តម៉ាស៊ីនក្រឡុកគ្រឿងទេស បង្កជាអគ្គិភ័យឆេះក្នុងសិប្បកម្មមួយកន្លែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សិប្បកម្មផលិតគ្រឿងទេសមួយកន្លែងត្រូវបានអគ្គិឆាបឆេះបង្កឲ្យមានផ្សែងហុយយ៉ាងខ្លាំង ដែលសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំងរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ភ្លាមៗផងដែរ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សិប្បកម្មផលិតគ្រឿងទេសនោះយីហោ«មីនវៃសៀន សុីហ្សុីននីង ថេកណឡជី ខូអិលធីឌី» មានទីតាំងស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អគារសិប្បកម្មនេះសាងសង់ពីថ្មប្រក់ស័ង្កសី ហើយផលិតគ្រឿងទេសចម្រុះច្រើនមុខ និងមិនមានកម្មករបម្រើការងារច្រើននោះទេ មានត្រឹមតែចំនួន៨នាក់ប៉ុណ្ណោះ ក្នុងនោះមានកម្មករជនជាតិខ្មែរ៦នាក់និងជនជាតិចិន២នាក់ ។ នៅក្នុងពេលកំពុងដំណើរការធ្វើការផលិតសុខៗ ស្រាប់តែឆ្លងចរន្តម៉ាសុីនក្រឡុកគ្រឿងទេស បង្កឲ្យមានការឆេះឡើងដល់កង្ហារបឺតខ្យល់នៅលើដំបូលអគារសិប្បកម្ម និងឆេះរាលដល់សម្ភារៈនៅក្នុងអគារនោះយ៉ាងឆាប់រហ័សតែម្ដង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា ខណៈនោះមិនបានបណ្ដាលឲ្យមានកម្មករណាម្នាក់គ្រោះថ្នាក់នោះទេ ដោយពួកគាត់បាននាំគ្នារត់ចេញក្រៅរួចដោយសុវត្ថិភាព និងព្យាយាមប្រើបំពង់ពន្លត់អគ្គិភ័យច្រើនបំពង់ពន្លត់ភ្លើងផងដែរ ប៉ុន្តែមិនឈ្នះឡើយ ។ បន្ទាប់មកកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចេញទៅអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងនៅតាមបណ្ដាអង្គភាពនានាចេញទៅបាញ់ពន្លត់ភ្លើងរហូតរលត់ទៅវិញទាំងស្រុង ៕





















ចែករំលែកព័តមាននេះ