ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋប្រហែលជាង២៥០គ្រួសារដែលភៀសខ្លួនពីតំបនព្រំដែនកម្ពុជា-ថៃក្នុងស្រុកចំនួន០៤នៅភាពខាងលិចខេត្តបាត់ដំបង បានទទួលអំណោយសង្គ្រោះបឋមពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៨ កក្កដា នេះ ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ដែលជាកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋភៀសខ្លួនច្រើនជាងគេ ។

មន្ត្រីកាកបាទក្រហម និងមន្ត្រីរដ្ឋបាលស្រុកបវេលបាននិយាយថា ប្រជាពលរដ្ឋដែលភៀសខ្លួនមកពីតំបន់ព្រំដែនបានមកស្នាក់នៅច្រើនជាងគេ នៅក្នុងបរិវេណវត្តអំពិលប្រាំដើម ឃុំអំពិលប្រាំដើម និងនៅក្នុងបរិវេណ វត្តខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ។ មន្ត្រីដដែលបានប្រាប់ថា អំណោយសង្គ្រោះបឋមរបស់សាខាកាកបាទក្រហមខេត្តខាងលើនេះ បានចែកជូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងវត្តខ្នាចរមាស ចំនួន១៨០គ្រួសារ និងចែកជូនពលរដ្ឋដែលស្នាក់នៅក្នុងវត្តអំពិលប្រាំដើមចំនួនជិត៧០គ្រសារ ។
ពិធីនេះ ត្រូវបានអញ្ជើញចូលរួមចែកផ្ទាល់ដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង អមដោយមន្ត្រីសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរមូលដ្ឋាន ដោយមានកិច្ចការពារពីកម្លាំងសមត្ថកិច្ចផង ។ ប្រជាពលរដ្ឋរាប់រយគ្រួសារបានភៀសខ្លួនពីតំបន់ព្រំដែនកម្ពុជា-ថៃ នៅភាគខាងលិចខេត្តបាត់ដំបងចាប់តាំងពីព្រឹកថ្ងៃទី២៥ កក្កដា រហូតមកដល់ថ្ងៃនេះ បន្ទាប់ពីមើលឃើញស្ថានការព្រំដែនមានភាពតានតឹង ដោយអាវុធរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ។

អាជ្ញាធរស្រុកបវេលបានប្រាប់ថា ប្រជាពលរដ្ឋដែលបានភៀសខ្លួនរត់ចោលផ្ទះសម្បែងពីតាមបន្ទាត់ព្រំដែន ហើយចូលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងទឹកដីស្រុកបវេលនេះ គឺមានមកពីស្រុកកំរៀង. ស្រុកភ្នំព្រឹក. ស្រុកសំពៅលូន និងមួយចំនួនទៀតមកពីស្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
អាជ្ញាធរស្រុកបវេលបាននិយាយដែរថា ប្រជាពលរដ្ឋដែលភៀសខ្លួនពីតំបន់ព្រំដែន តាមបណ្ដាស្រកខាងលើនេះ ប៉ុន្តែមានពលរដ្ឋរាប់សិបគ្រួសារទៀតដែលភៀសខ្លួនដែរ បានទៅស្នាក់នៅតាមផ្ទះបងប្អូននៅក្នុងមូលដ្ឋាន ។ ថ្លែងទៅកាន់ពលរដ្ឋរាប់រយគ្រួសារក្នុងពិធីចែកអំណោយអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានមានប្រសាសន៍ថា ពិតមែនតែអំណោយទាំងនេះ មិនអាចជួយដោះស្រាយបានគ្រប់គ្រាន់ តែក៏អាចជួយសម្រួលខ្លះៗដល់តម្រូវការរបស់បងប្អូនដែលកំពុងជួបទុក្ខលំបាក ។
ប៉ុន្តែក្នុងឱកាសនោះ លោកក៏បានលើកឡើងពីស្ថានភាពព្រំដែនផងដែរជាមួយនឹងស្ថានភាពពលករខ្មែរវិលចូលស្រុកកំណើតវិញរាប់សែននាក់ ដែលលោកកំពុងមមារញឹកខ្លាំងនាប៉ុន្មាននេះ ជាមួយមន្ត្រីនានា ក្នុងការចុះទៅទទួលពលករផ្ទាល់ដល់ច្រកទ្វារព្រំដែនអន្តរជាតិ«ដូង»ក្នុងស្រុកកំរៀង ។

បើទោះជាស្ថិតក្នុងស្ថានភាពភ័យខ្លាចមានការប៉ះទង្កិចគ្នាដោយអាវុធរវាងភាគីកម្ពុជាជាមួយ
ភាគីថៃរហូតនាំគ្នាចាកចោលផ្ទះសម្បែងស្វែងរកទីកន្លែងសុវត្ថិភាពក្ដី នៅក្នុងពិធីចែកអំណោយសង្គ្រោះបឋម លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ ។
លោកអភិបាលខេត្តបានថ្លែងថា បើទោះជាមានការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា នៃភាគីទាំងពីរតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្ដី តែហាក់ពុំឃើញមានសញ្ញាណាមួយអាចឈានដល់ការផ្ទុះអាវុធទេ ។ ដូច្នេះ លោកសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់វិលត្រឡប់ទៅកាន់លំនៅឋានវិញ ដើម្បីមើលផ្ទះ មើលដំណាំ និង ប្រឹងប្រែងបង្កបង្កើនផលបន្តទៀត ៕
ចែករំលែកព័តមាននេះ