រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរពីប្រទេសថៃ និងជនភៀសសឹក ។

តាមរយៈសំណេរលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៥ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យដឹងថា ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល ៖
ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់ ។
ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែនត្រឡប់ទៅស្រុកកំណើត ។

រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការ ដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ នៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ។ ដោយឡែក ចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធរៀបចំទួលសុវត្ថិភាព ក៏ដូចជា ដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន ។
ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាល សហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅ និងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ ។

ជាមួយគ្នាដែរសម្ដេចធិបតី សូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជា ដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លា.ប់ដោយសារការប្រយុទ្ធគ្នានេះ ។ ក្នុងពេលជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងកងនគរបាលជាតិរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងកិច្ចការការពារបូរណភាពទឹកដីរបស់យើង ។

សម្ដេចធិបតី ក៏សូមអរព្រះគុណ និងអរគុណព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានបន្តគាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើង និងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង ។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ ៕
ចែករំលែកព័តមាននេះ