រាជធានីភ្នំពេញ ៖ គិតមកដល់ពេលនេះ បើទោះបីប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញអន្តរាគមន៍ឱ្យបញ្ឈប់ការបាញ់គ្នាភ្លាមៗនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ យ៉ាងណាក្ដី ក៏ទាហានឈ្លានពានថៃ នៅតែបន្តវាយប្រហារមកលើកងទ័ពកម្ពុជាយ៉ាងគឃ្លើន និងមិនខ្លាចច្បាប់អន្តរជាតិនោះឡើយ ដោយចាប់ពីម៉ោង ២៖៣០នាទី ថ្ងៃទី២៧ ខែកក្កដានេះ ថៃបានវាយមកកាន់តំបន់ តាថាវ និងតំបន់ភ្នំខ្មោច ដោយប្រើដ្រូន ហើយនៅម៉ោង ៤និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ថៃ ក៏បានចាប់ផ្តើមវាយប្រហារចូលប្រាសាទតាមាន់ធំ និងប្រសាទតាក្របី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់ថា មកដល់ពេលនេះកងទ័ពថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាទាំងគឃ្លើ់ន និងកំរោល ទោះបីទង្វើនេះខុសច្បាប់អន្តរជាតិ ហើយទង្វើរបស់កងទ័ពថៃកាន់តែគឃ្លើន ដោយពង្រីការឈ្លានពាន គំរាមកំហែងដល់អធិបតេយ្យភាពកម្ពុជាគិតចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ដែលមកដល់ពេលនេះគឺជាថ្ងៃទី៤ហើយ។
លោកជំទាវ ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា សម្រាប់ម៉ោង៤ព្រឹកម៉ិញនេះ ថៃបានចាប់ផ្តើមវាយប្រហារ នៅប្រាសាទតាក្របី ប្រាសាទតាមាន់ និង២៖៣០នាទី ថៃបានវាយមកកាន់តំបន់ តាថាវ និងតំបន់ភ្នំខ្មោច ដោយប្រើដ្រូនហោះសំកាំងជាប់ជាប្រចាំ ក្នុងនោះផងដែរនៅវេលាម៉ោង ៤៖៥០នាទីព្រឹក ថ្ងៃទី២៧ខែកក្កដា ឆ្នាំ ២០២៥ ថៃ ក៏បានចាប់ផ្តើមវាយប្រហារចូលប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ។ វេលាម៉ោង៦ព្រឹកនេះ ថៃចាប់ផ្តើមវាយថ្មើរជើងបន្ថែមទៀតនៅតំបន់វាលខ្មោច ហើយគ្រប់តំបន់វាយប្រយុទ្ធទាំងអស់ទាំងប្រសាទតាមាន់ តំបន់មុំបី ខ្មាំងប្រើប្រាស់កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជា។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងទៀតថា ជាក់ស្តែងនៅយប់ថ្ងៃម្សិលម៉ិញនេះ កងទ័ពឈ្លានពានថៃ បន្តបាញ់កាំភ្លើងធំមកលើទឹកដីកម្ពុជាទាំងយប់រំលងអាធ្រាតុ និងព្រឹកទាបភ្លឺឈានចូលថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២៥ ជាច្រើនតំបន់ក្នុងនោះដូចជាចាប់ផ្តើមពីម៉ោង៥ព្រឹក ថៃបានបាញ់ប្រហារមកលើទឹកដីកម្ពុជានៅជាំតែ បុសស្បូវ និងមានការបាញ់ជាបន្តបន្ទាប់រហូត។ សម្រាប់សកម្មភាពទីតាំងផ្សេងៗទៀតមួយចំនួនក្នុងយុទ្ធភូមិភាគទី៤ នៅវេលាម៉ោង១០និង៤០នាទីយប់ យន្តហោះថៃបានទំលាក់គ្រាប់បែកចំនួន២គ្រាប់ នៅលើផ្លូវឡើងទៅប្រាសាទព្រះវិហារ ម៉ោង១១ និង៥៦នាទី យន្តហោះថៃ បានទម្លាក់គ្រាប់បែកចង្កោមនៅតំបន់ភ្នំខ្មោច មកដល់ម៉ោង២ និង៣២ យប់ ថៃចាប់ផ្តើមវាយប្រើរថក្រោះ ដ្រូន វាយចូលតំបន់វាលឥន្ទ្រី ។
បើតាមលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ដដែលបានឲ្យដឹងថាចំពោះទីតាំងនៃការរំលោភបំពានកើនឡើងលើសដើម ពីតំបន់ជម្លោះនៃព្រំដែន ទៅកាន់ទីតាំងផ្សេងៗទៀត។ លើសពីនេះទៀត កងទ័ពថៃបានបង្កើនការគំរាមកំហែង ដាក់សម្ពាធ និងចល័តសម្ភារសឹកផ្សេងៗ។
លោកជំទាវ ឧត្តមសេនីយ៍ឯកបានអះអាងថា ចំនួនការរំលោភបំពានមកលើទឹកដីកម្ពុជា ពីសំណាក់ភាគីថៃទាំងទទឹងទិស និងមិនរើសទីតាំង មិនរើសគោលដៅដែលបានកំពុងបង្កវិនាសសកម្មកើនឡើងជារៀងរាល់ថ្ងៃ បំផ្លិចបំផ្លាញហេដ្ឋាចរនាសម្ព័ន្ធ និងជនស៊ីវិលអស់ជាច្រើន។
ក្នុងឱកាសនោះ លោកជំទាវជាអ្នកនាំពាក្យក្រសួងការពារជាតិក៏បានបន្ថែមថា ទោះយ៉ាងណាក្តីកងកម្លាំងកងទ័ពកម្ពុជានៅតែបន្តវាយប្រហារប្រឆាំងក្រុមខ្មាំងឈ្លានពានទឹកដីយ៉ាងខ្លាំងក្លា និងរឹងមាំមិនឱ្យសត្រូវឈ្លានពានរំលោភទឹកដីរបស់យើងបានសោះឡើយ៕
ចែករំលែកព័តមាននេះ