រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានទាមទារឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួន និងអាក្រក់ខ្លួនតែប៉ុណ្ណោះ ។
តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវ ដោយចេតនា ។
ក្រសួងការពារជាតិ នៃកម្ពុជា បានច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ឆ្លុះបញ្ចាំងពីលំហូរ នៃការបោកបញ្ឆោតរបស់យោធាថៃ ដែលដំបូងឡើយជាការប្រឌិត ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការឈ្លានពានដោយគ្មានការញុះញង់របស់ខ្លួនមកលើកម្ពុជា ហើយឥឡូវនេះកំពុងព្យាយាមបំភាន់ភ្នែកឆាកអន្តរជាតិ ដោយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ដថា វោហាសាស្ត្របែបនិទានកថា ប្រកបដោយភាពមិនទទួលខុសត្រូវបែបនេះ គឺត្រូវបានធ្វើឡើងមិនត្រឹមតែដើម្បីបំភាន់ភ្នែកប៉ុណ្ណោះទេ ថែមទាំងបញ្ឆេះ នូវគ្រោះថ្នាក់ផងដែរ ជាពិសេសស្របពេលដែលអាជ្ញាធរឡាវមិនទាន់បានបញ្ចប់នូវការស៊ើបអង្កេតរបស់ខ្លួន និងជាពិសេស មិនទាន់បានចេញនូវសេចក្តីថ្លែងការណ៍បែបនេះផងនោះ។ កម្ពុជាសូមទាមទារឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ ។
អ្នកនាំពាក្យ បន្ថែមថា ផ្ទុយទៅនឹងទង្វើរបស់ប្រទេសថៃបែបនេះ កម្ពុជាមិនដែលបានប្រព្រឹត្ត ហើយនឹងមិនរំលោភលើអធិបតេយ្យភាពរបស់រដ្ឋជិតខាងណាមួយ រួមទាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ កម្ពុជា សូមបញ្ជាក់ នូវការតាំងចិត្តសារជាថ្មី ក្នុងការគោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រជាជាតិទាំងអស់ និងបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញដល់កងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុខាងលើនេះប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងតម្លាភាពខ្ពស់ ។
សូមជម្រាបថា ថៃបានប្រើសារព័ត៌មានរបស់ខ្លួនបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជាជាបន្តបន្ទាប់ ដែលភាពអាមាស់មួយ ៕
ចែករំលែកព័តមាននេះ