រាជធានីភ្នំពេញ ៖ តំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានទទូចស្នើឲ្យអង្គការសហប្រជាជាតិ ធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌពីសំណាក់ភាគីថៃ មកលើកម្ពុជា ។
ការស្នើសុំរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិនេះ បន្ទាប់ពីថៃ បានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រើអាវុធធន់ធ្ងន់ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា កាលពីថ្ងៃទី២៤ កក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ពាក់ព័ន្ធករណីនេះ កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការឈ្លានពានរបស់ថៃ លើអធិបតេយ្យកម្ពុជា ។
ឆ្លើយតបនឹងសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើការកោះប្រជុំចង្អៀតជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ ។
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំនេះ ដោយបានទាញចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សា សន្តិសុខទៅលើការបើកប្រតិបត្តិការឈ្លានពានប្រដាប់អាវុធទ្រង់ទ្រាយធំរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ឯកអគ្គរាជទូត បានរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខ អំពីការវាយប្រហាររបស់កងទ័ពថៃ ដែលមានការគិតទុកមុន ក្នុងចេតនាបង្កហេតុ មកលើតំបន់ព្រំដែនរបស់កម្ពុជា រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ។
ឯកឧត្តម ឯកអគ្គរាជទូត បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការឈ្លានពាននេះ ដែលបានរំលោភបំពានយ៉ាងគឃ្លីនលើគោលការណ៍ជាមូលដ្ឋាន ស្តីពីការមិនឈ្លានពានគ្នា និងការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ។
ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញអំពីការរៀបចំ និងគិតទុកមុន នៃការវាយប្រហារពីយោធាថៃ មកលើទីតាំងជាច្រើនកន្លែងរបស់កម្ពុជា ដោយប្រើអាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង រថក្រោះ និងគ្រាប់បែកចង្កោម ។ ជាមួយគ្នានេះ ថៃក៏បានពង្រីកការត្រៀមបើកប្រតិបត្តិការយោធាដល់ខេត្ត ច័ន្ទបូរី និងខេត្តត្រាត ផងដែរ ខណៈដែលភាគីកម្ពុជា ពុំមានការចល័តទ័ពទៅតំបន់ជាប់ព្រំដែនខេត្តទាំងពីរ នេះសោះ ។
ការឈ្លានពានទ្រង់ទ្រាយធំ ដោយយោធាថៃ ដែលផ្ទុយទាំងស្រុងពីការលើកឡើងរបស់ថៃថា ជាការការពារខ្លួននោះ បានធ្វើឱ្យជនស៊ីវិល បាត់បង់ជីវិតចំនួន៨នាក់ រងរបួស ៥០នាក់ និង១០,៨៦៥គ្រួសារ ត្រូវជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ។ លើសពីនេះ ការវាយប្រហារដោយមិនរើសមុខរបស់ថៃមកលើកម្ពុជា បានបង្កនូវការខូចខាតយ៉ាងដំណំមកលើប្រាសាទព្រះវិហារ។ ការបំផ្លិចបំផ្លាញដោយចេតនាចំពោះតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ នេះគឺជាការរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ។
ឯកឧត្តម ឯកអគ្គរាជទូត បានស្នើសុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ឈប់ការឈ្លានពានប្រដាប់អាវុធដោយគ្មាន ការបង្កហេតុជាមុនមកលើកម្ពុជា គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសន្តិវិធីរបស់កម្ពុជា និងស្នើឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងកាតព្វកិច្ចសន្ធិសញ្ញារបស់ខ្លួន ។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជូនបេសកកម្ម ស្វែងយល់ការពិតនៅតំបន់ព្រំដែន ដែលរងការឈ្លានពាន និងបញ្ជូនបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីធ្វើការវិនិច្ឆ័យ ។
សមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកំណើនភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងតំបន់ និងបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត ។
សមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា និងឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ សំដៅទប់ស្កាត់កំណើនអរិភាព ព្រមទាំងបង្កើតលំហសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី និងដំណោះស្រាយការទូត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងក្នុងបំណងស្វែងរកដំណោះស្រាយចំពោះ ជម្លោះនេះ ។
ទន្ទឹមនឹងនេះ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកទឹកចិត្តភាគីទាំងពីរ ឱ្យប្រើប្រាស់បានពេញលេញ នូវការសម្រុះសម្រួលដោយសន្តិវិធីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងគាំទ្រតួនាទីរបស់អាស៊ាន ។
សមាជិកក្រុមប្រឹក្សាសន្តិសុខមួយចំនួន ក៏បានកត់សម្គាល់ពីបំណងរបស់កម្ពុជា ក្នុងការបញ្ជូនតំបន់ជម្លោះព្រំដែនចំនួនបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ សម្រាប់ធ្វើការវិនិច្ឆ័យ ៕
ចែករំលែកព័តមាននេះ