រាជធានីភ្នំពេញ ៖ សម្រាប់១ថ្ងៃនេះ នៃថ្ងៃទី២៦ កក្កដា២០២៥ មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឱ្យសប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារៈ និងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើងដោយទាហានថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។
ពិធីប្រគល់ និងទទួលបានធ្វើឡើងចាប់តាំងពីក្រោយចេញសេចក្ដីអំពានាវ នាព្រឹកថ្ងៃ២៦ កក្ដដា ដដែលនេះ ហើយក្រុមការងារ បានធ្វើការទទួលជាបន្តបន្ទាប់រហូតមកដល់រសៀលមានវត្តមាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញមកដោយផ្ទាល់រួមជាមួយអភិបាលរងរាជធានី និងនាយក នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវកាលពីព្រឹកថ្ងៃទី២៦ កក្កដានេះ ពោលគឺការអំពាវនាវមិនបានប៉ុន្មានម៉ោង ក៏មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទាំងថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យផងដែរ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
នៅល្ងាចថ្ងៃទី២៦ កក្កដានេះ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ នេះជាខឿនការពារជាតិប្រជាជនធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនយើងជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីចោរថៃឈ្លានពាន ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងតែជ្រកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះ គឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ, ស្មារតីខ្មែរជួយខ្មែរ។ សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិ ជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ៖ គិតត្រឹមម៉ោង៤និង៥៨នាទីរសៀលនេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានថវិកា ជាប្រាក់ដុល្លារសរុបចំនួន ១០៤,២៣៨ដុល្លារ និងជាប្រាក់រៀលសរុបចំនួន ៣៧៦,៥៦៧,៦០០.រៀល រួមទាំងអំណោយជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសំភារៈផ្សេងៗមួយចំនួនធំទៀត ។
សូមជម្រាបបងប្អូនសប្បុរសជននានា អាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបានដោយរដ្ឋបាលរាជធានីភ្នំពេញបានចាត់តាំងក្រុមការងារចាំទទួលសម្ភារៈ និងថវិកាតាមរយៈ QR ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុលមកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងស្មារតីខ្មែរជួយខ្មែរ ៕
ចែករំលែកព័តមាននេះ