ទីក្រុងវ៉ាស៊ីនតោន៖ មានឧបទ្ទវហេតុកើតឡើងពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើរទៀតហើយ។ លើកនេះកើតឡើងទៅលើយន្តហោះអាមេរិក។ សាក្សីនិយាយថាយន្តហោះរបស់ក្រុមហ៊ុនសោសវេស អ៊ែឡាញ (Southwest Airlines) ដែលចាកចេញដំណើរពីអាកាសយានដ្ឋានមួយនៅរដ្ឋកាលីហ្វ័រញ៉ាប៊ិះតែនឹងប៉ះពារគ្នាកណ្ដាលអាកាសជាមួយយន្តហោះមួយគ្រឿងទៀត។ កុំអី, ផ្ទុះឆេះស្លាប់មិនដឹងប៉ុន្មាននាក់ទេ កុំតែអាកាសយានិករវាសភ្នែក និងបួងចង្កូតយន្តហោះដើម្បីគេចចេញពីគ្នា។
ប្រភពខ្លះថានៅក្នុងហេតុការណ៍នោះ បាហុនិកា (នារីអាកាសចរណ៍) ២នាក់រងរបួសនៅលើយន្តហោះរបស់សោសវេស អ៊ែឡាញ។ អាកាសយានិកនៅពេលនោះត្រូវតែសម្រេចចិត្តជាប្រញាប់ និងយ៉ាងប្រថុយប្រថាន។ ពោលគឺហោះដាំក្បាលចុះដូចសត្វបក្សីបោះពួយចាប់ត្រីនៅក្នុងទឹក ខណៈដែលយន្តហោះមួយគ្រឿងទៀតត្រូវហោះកាន់តែខ្ពស់ទៅលើអាកាស។
យន្តហោះរបស់សោសវេស អ៊ែឡាញជើងហោះហើរ១៤៩៦បានបោះពួយចុះមកក្រោម៥រយហ្វ៊ីត ឬ១៥២ម៉ែត្រ។ នេះបើយោងតាមការសង្កេតរបស់គេហទំព័រតាមដានវិស័យអាកាសចរណ៍។ អាកាយានិករបស់សោសវេស អ៊ែឡាញសម្រេចចិត្តបួងចង្កូតយន្តហោះដើម្បីដាំក្បាលចុះបន្ទាប់ពីពួកគេទទួលសញ្ញាព្រមានថាយន្តហោះមួយគ្រឿងទៀតកំពុងហោះទៅកៀកគ្នាខ្លាំងណាស់, ស្រួលមិនស្រួលអាចនឹងបុកគ្នាជាមិនខាន។ ក្រោយមក យន្តហោះបូអ៊ីង៧៣៧ (Boeing 737) របស់សោសវេស អ៊ែឡាញក៏បន្តដំណើររហូតដល់គោលដៅចុងក្រោយនៅទីក្រុងឡាសវេហ្កាស់ (Las Vegas) រដ្ឋនេវ៉ាដា (Nevada)។
ប្រភពពីហ្វ្លាយរ៉ាដា២៤ (Flightradar 24) រកឃើញថាយន្តហោះមួយគ្រឿងទៀតដែលប៊ិះបុកគ្នានោះជាយន្តហោះយោធាម៉ាកហកខឺ ហាន់ថឺ (Hawker Hunter) ផលិតនៅអង់គ្លេស។ នៅពេលកើតហេតុ យន្តហោះនេះហោះកាត់ពីមុខយន្តហោះដឹកអ្នកដំណើររបស់សោសវេស អ៊ែឡាញ។ យន្តហោះទាំង២ស្ថិតនៅចម្ងាយជាង៧គីឡូម៉ែត្រពីគ្នា និងរយៈកម្ពស់ជាង១រយម៉ែត្រពីគ្នា។
គណៈកម្មការជាតិអាកាសចរណ៍ចាប់ផ្ដើមស៊ើបអង្កេតសំណុំរឿងនេះហើយ។ នារីបាហុនិកាដែលរងរបួសទាំង២នាក់កំពុងទទួលការព្យាបាល។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។ ប៉ុន្តែអ្នកដំណើរនៅក្នុងយន្តហោះសុខសប្បាយទាំងអស់គ្នា គ្មាននរណាម្នាក់ត្រូវរបួសទេ។ គ្រាន់តែថាអ្នកដំណើរម្នាក់ប្រាប់ទូរទស្សន៍ហ្វក់ (Fox) ថានៅពេលយន្តហោះសំយុងក្បាលចុះដល់ថ្នាក់ហ្នឹងធ្វើឱ្យមនុស្សនៅលើនោះមានអារម្មណ៍ភ័យបុកពោះ។
អ្នកដំណើរម្នាក់ឈ្មោះខេតលីន បឺឌី (Caitlin Burdi) ប្រាប់ថាខ្លួនទទួលអារម្មណ៍រន្ធត់ញាប់ញ័រជាពន់ពេក។ ពួកយើងគិតថាយន្តហោះធ្លាក់ឥឡូវហ្នឹងហើយ។ បន្ទាប់មក អាកាសយានិកប្រាប់យើងថាអំបាញ់មិញយន្តហោះយើងប៊ិះតែនឹងបុកគ្នាជាមួយយន្តហោះមួយគ្រឿងទៀត។
យោងតាមក្រុមហ៊ុនសោសវេស អ៊ែឡាញ អាកាសយានិកសម្រេចចិត្តហោះសំយុងក្បាលចុះព្រោះមានសញ្ញាព្រមានថាត្រូវប្រុងប្រយ័ត្ន មានយន្តហោះ២គ្រឿងបើកជ្រួសគ្នា ហើយអាចនឹងបុកគ្នា។ យន្តហោះមួយគ្រឿងទៀតនោះកំពុងហោះចេញពីអាកាសយានដ្ឋានហូលីវូត បឺបេង អ៊ែផត (Hollywood Burbank Airport)។ ដើម្បីដោះស្រាយបញ្ហានេះ យន្តហោះមួយគ្រឿងត្រូវបោះពួយចុះទៅក្រោម និងមួយគ្រឿងទៀតត្រូវហោះឡើងកាន់តែខ្ពស់។ ខាងលើនេះជាការដកស្រង់ប្រភពពីឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ