ខេត្តបាត់ដំបង៖ ពលរដ្ឋខ្មែរយ៉ាងតិចចំនួន៣ម៉ឺននាក់នឹងវិលត្រឡប់ពីប្រទេសថៃ ចូលប្រទេសកំណើតវិញនៅថ្ងៃទី២៦ កក្កដា នេះ តាមច្រកទ្វារព្រំដែនអន្តជាតិ«ដូង»ក្នុងស្រុកកំរៀង។ នេះបើតាមព័ត៌មានបឋមដែលផ្ដល់ដោយលោកអភិបាលស្រុកកំរៀង ។

លោក សុខ ដែន អភិបាលស្រុកកំរៀងបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ២៦ កក្កដា នេះថា «ថ្ងៃនេះពលរដ្ឋខ្មែរដែលធ្វើការងារនៅប្រទេសថៃ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ច្រើនជាងម្សិលមិញ» ។ លោកអភិបាលស្រុកដដែលបានបញ្ជាក់ថា«បើតាមព័ត៌មានដែលខ្ញុំទទូលបានថ្ងៃនេះ គឺមានពលរដ្ឋខ្មែរយ៉ាងតិច៣ម៉ឺននាក់នឹងវិលត្រឡប់ពីប្រទេសថៃ ចូលមកកាន់ប្រទេសកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូងក្នុងស្រុកកំរៀង»។

ពាក់ព័ន្ធនឹងការវិលត្រឡប់ចូលស្រុកទេសវិញរបស់ពលករខ្មែរនៅថ្ងៃនេះ ហាក់បានស្ទុះស្ទារ
ជ្រួលច្របល់ខ្លាំង បន្ទាប់ពីមានការប៉ះទង្កិចគ្នាដោយអាវុធរវាងកម្លាំងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបន្ទាត់ព្រំដែននៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា តាំងពីថ្ងៃទី ២៤ កក្កដា រហូតមក។

នៅថ្ងៃទី២៥ កក្កដា ពលរដ្ឋខ្មែរប្រហែល៥.០០០នាក់ បានវិលត្រឡប់ចូលប្រទេសកំណើរវិញ តាមច្រកទ្វារអន្តរជាតិ«ដូង»ខាងលើនេះ។ ហើយនៅថ្ងៃទី ២៦ កក្កដា នេះ ពលរដ្ឋខ្មែរដែលធ្វើការងារនៅប្រទេសថៃ ហាក់សម្រុកវិលត្រឡប់ មកស្រុកវិញច្រើនជាងមុនលើសទ្វេរដង។

ជុំវិញពលរដ្ឋខ្មែរសម្រុកវិលចូលស្រុកកំណើតវិញកាន់តែច្រើននេះ រដ្ឋបាលខេត្តបាត់ដំបង និង រដ្ឋបាលស្រុកកំរៀង បានរៀបចំរថយន្តរាប់សិបគ្រឿងរង់ចាំនៅមាត់ច្រកទ្វារព្រំដែន ដើម្បជួយ
សម្រូលដល់ការវិលត្រឡប់របស់បងប្អូនពលរដ្ឋ ក្នុងការដឹកជញ្ជូនទៅកាន់លំនៅឋាន បើទោះជាមធ្យោបាយដឹកជញ្ជូននោះមិនបានគ្រប់គ្រាន់ក្ដី ។
លោក សុខ ដែន អភិបាលស្រុកកំរៀងដែលបានចុះជួយសម្រូលផ្ទាល់ជាមួយរដ្ឋបាលខេត្ត នៅខាងមុខច្រកទ្វារអន្តរជាតិដូងបានបញ្ជាក់ដែរថា ចំពោះមធ្យោបាយដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត យើងមិនមានគ្រប់គ្រាន់ទេ ។ ពេលនេះ រដ្ឋបាលខេត្តយើងមានរថយន្តជាង១០គ្រឿង ហើយយើងទទូលបានរថយន្តជំនួយពីរាជធានីភ្នំពេញចំនួន៥០គ្រឿងទៀត។

ដោយឡែក សម្រាប់តាមបណ្ដាខេត្តផ្សេងៗ ក៏មានបញ្ជូនរថយន្តមកជួយដឹកជញ្ជូនបងប្អូនប្រពលរដ្ឋទៅកាន់លំនៅឋាននៅតាមបណ្ដាខេត្តរបស់ខ្លួនដែរ។ ប៉ុន្តែមិនអាចដោះស្រាយបានទាំងស្រុងឡើយ។ លោក សុខ ដែន បានបញ្ជាក់បន្ថែមថា សម្រាប់ពលរដ្ឋណាដែលមានលទ្ធភាពពួកគាត់ជិះរថយន្តតាក់ស៊ីទៅស្រុក រីឯពលរដ្ឋដែលពុំមានលទ្ធភាព គឺជាបន្ទុកទាំងស្រុកលើរថយន្តរបស់រដ្ឋបាលខេត្ត ដែលត្រូវជួយដឹកគាត់ទៅកាន់លំនៅឋានដោយសុវត្ថិភាព។

លោកបានបញ្ជាក់ចុងក្រោយថា គិតត្រឹនម៉ោង១០ព្រឹកថ្ងៃទី២៦ កក្កដា នេះ បងប្អូនប្រជាពលរដ្ឋខ្មែរបានវិលចូលដល់ទឹកដីកំណើតបានប្រហែល៤០% ហើយក្នុងចំនួន៣ម៉ឺននាក់ ដែលត្រូវវិលត្រឡប់ចូលប្រទេសវិញនៅថ្ងៃនេះ ៕
ចែករំលែកព័តមាននេះ