ខេត្តព្រះវិហារ ៖ ឈានដល់ថ្ងៃទី៣នៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបង្ខំអោយប្រជាពលរដ្ឋខ្មែរស្លូតត្រង់ចាកចេញពីភូមិឋានទៅ ជាមួយនឹងទឹកភ្នែកដ៏សោកសៅ និងភ័យខ្លាចរកទីសុវត្ថិភាព ។

ស្ត្រីមានផ្ទៃពោះ ក្មេងៗតូចធំ ចាស់ ជរា ប្រុសស្រីដែលជាប្រជាពលរដ្ឋ រស់នៅ៦ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំសរុបចំនួន១១,៥៥៨គ្រួសារ ស្មើនឹង២៧,០៥៣នាក់ ។ បងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ ។

មកដល់ល្ងាចថ្ងៃទី២៥ កក្កដា ២០២៥ តាមព័ត៌មានថា ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន៣,៥៩០គ្រួសារ ស្នើនឹង១២,០៥៤នាក់ ក្នុងនោះ រួមមាន៖ ១.មណ្ឌលវត្ថិភាពវត្តពោធិ៍ ៥,០០០ដើម សរុបមានចំនួន ៣,១១២គ្រួសារ ស្មើនឹង ១០,៤២០នាក់។ ២.មណ្ឌលសុវត្ថិភាពវត្តឧត្តរគីរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន សរុបមានចំនួន២៣០គ្រួសារ ស្មើនឹង៧៩៥នាក់ ។៣.វត្តកំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ១ ស្រុកឆែប មានចំនួន ៥៨គ្រួសារស្មើនឹង ២០៨នាក់។ ៤-វត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប មានចំនួន ៩៤គ្រួសារ ស្មើនឹង ៣១៦នាក់។ ៥-វត្តដងផ្លិត ឃុំឆែបពីរ ស្រុកឆែប មានចំនួន ៩៦គ្រួសារ ស្មើនឹង ៣១៥នាក់។

ប្រជាពលរដ្ឋទាំងនោះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមូលដ្ឋាននិងខេត្តក្នុងការទទួលខុសត្រូវខ្ពស់លើសុវត្ថិភាព ទីជម្រក និងការហូបចុក ។ ជាមួយគ្នានោះ អំណោចសប្បុរសធម៌ពីចេញពីភាពសាមគ្គីខ្មែរជួយខ្មែរក៏បាននាំយកពីទីជិតទីឆ្ងាយចែកជូនដល់គ្រួសារភៀសសឹងទាំងនោះផងដែរ៕





ចែករំលែកព័តមាននេះ