របាយការណ៍អង្គការសហប្រជាជាតិបានបញ្ជាក់ថា ភាគីថៃបានដើរចេញពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេន បើទោះបីជាដំបូងឡើយ ថៃបានយល់ព្រមតាមសំណើនោះក្តី ។
នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាននិយាយប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែ កក្កដា ។ លោកបាននិយាយបន្ថែមទៀតថា ក្នុង
របាយការណ៍ដែលចែកជូនសមាជិកក្រុមប្រឹក្សាអង្គការសហប្រជាជាតិ របាយការណ៍បានបង្ហាញថា កម្ពុជាបានយល់ព្រមតាមសំណើបទឈប់បាញ់ដែលស្នើដោយ លោក អាន់ វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានប្តូរវេណរបស់អាស៊ាន ។ ចំណែកភាគីថៃដំបូងឡើយបានទទួលយកសំណើនោះ ប៉ុន្តែក្រោយមកថៃបានផ្លាស់ប្តូរជំហរមិនទទួលយកវិញ។
ខណ:នៅថ្ងៃទី២៦ ខែកក្កដា ប្រទេសថៃបង្កើនការវាយប្រហារកម្ពុជាចូលដល់ទីតាំងមិនមានទំនាស់ក្នុងទឹកដីកម្ពុជានោះ អង្គការសហប្រជាជាតិបានអំពាវនាវអោយប្រទេសកម្ពុជានិងថៃមាការអត់ធ្មត់ខ្ពស់បំផុត ។ លោក ជុំ សុន្ទរី បាននិយាយថា បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវសូមអោយកម្ពុជានិងថៃមានការអត់ធ្មត់ខ្ពស់បំផុត។
អង្គការសហប្រជាជាតិបានធ្វើការអំពាវនាវបែបនេះ ខណ:ដែលថៃបានបង្កើនការវាយប្រហាររបស់ខ្លួនមកលើកម្ពុជាកាន់តែខ្លាំងឡើងៗ រហូតដល់ចូលដល់ទីតាំងគ្មានទំនាស់។ សកម្មភាពវាយប្រហារនេះធ្វើអោយកម្ពុជាចាត់ទុកថា វាជាការឈ្លានពានយ៉ាងក្រោល ហើយកម្ពុជាត្រូវតែការពារទឹកដីរបស់ខ្លួនទោះត្រូវបង់ថ្លៃណាក៏ដោយ៕
ចែករំលែកព័តមាននេះ