ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ជុជា.ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បាននិងកំពុងរត់ភៀសខ្លួនចាកចចេញពីផ្ទះសម្បែង តាមរយ:មធ្យោបាយផ្ទាល់ខ្លួន ទៅរកទីកន្លែងដែលមានសុវត្ថិភាព បន្ទាប់ពីមើលឃើញមានភាពតានតឹងផ្នែកយោធា
រវាងភាគីកម្ពុជា និងភាគីថៃ ដែលកំពុងប្រឈមមុខដាក់គ្នានៅក្បែរបន្ទាត់ព្រំដែន ។

ពលរដ្ឋដែលភៀសខ្លួនពីតំបន់ប្រឈមនឹងគ្រោះថ្នាក់ពីតាមបន្ទាត់ព្រំដែននេះ បើតាមពិនិត្យលើទិដ្ឋភាពជាក់ស្ដែង ពួកគាត់បានចាប់ផ្ដើមចាកចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី២៥ កក្កដា ហើយភ្ញាក់ផ្អើលកាន់តែខ្លាំង និងរត់ភៀសខ្លួនកាន់តែច្រើននៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ កក្កដា។
បើតាមមន្ត្រីទទូលខុសត្រូវនៃរដ្ឋបាលខេត្តបានប្រាប់ថា ប្រជាពលរដ្ឋស្ទើរគ្រប់ស្រុក ក្នុងទឹកដីខេត្តបាត់ដំបង ដែលរស់នៅជាប់ព្រំដែនកម្ពុជា.ថៃ ក្បែរតំបន់ដែលអាចប្រឈមនឹងគ្រោះថ្នាក់ បាននាំគ្នាចាកចេញពីលំនៅឋានជាបណ្ដោះអាសន្ន ដើម្បីទៅរកទីកន្លែងសុវត្ថិភាព។

មន្ត្រីដដែលបានបញ្ជាក់ថា ស្រុកចំនួន០៤នៃខេត្តបាត់ដំបង អាចប្រឈមនឹងគ្រោះថ្នាក់ជាងគេ ប្រសិនបើមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជាជាមួយកងទ័ពសៀម ។ មានស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ។
ប្រជាពលរដ្ឋមួយចំនួនដែលចាកចេញពីផ្ទះ ភាគច្រើនពួកគាត់រស់នៅក្បែរៗអូរព្រំដែន ដែលប្រឈមនឹងតំបន់គ្រោះថ្នាក់បំផុត។ នេះបើតាមការសួរនាំ និងប្រភពនានា ពីអាជ្ញាធរដែនដី។ ស្រុកបវេល ជាចំណុចប្រសព្វដែលមានប្រជាពលរដ្ឋភៀសខ្លួនពីតាមបណ្ដាស្រុននានា នៅជាប់ព្រំដែន មកជ្រកកោនច្រើនជាងគេ ។

ដូចជា ប្រជាពលរដ្ឋមកពីស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងមានមួយចំនួនមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ អាជ្ញាធរមូលដ្ឋាន និង មន្ត្រីយោធា ដែលឈរជើងនៅជួរមុខជាប់បន្ទាត់ព្រំដែន ទល់កាណុងគ្នាជាមួយទ័ពសៀម បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅកៀកនឹងអូរព្រំដែន ត្រូវចាកចេញពីលំនៅឋានជាបណ្ដោះសិន ដើម្បីទៅរកទីកន្លែងដែលមានសុវត្ថិភាព។ នេះបើតាមការពន្យល់ពីបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសខ្លួន។
អធិការស្រុកបវល លោក សុខ សារិន ដែលបានដឹកនាំកម្លាំងចុះសហការជាមួយមន្ត្រីមូលដ្ឋាន
ត្រូតពិនិត្យពលរដ្ឋផ្ទាល់ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន បានប្រាប់កោះសន្តិភាពថា ប្រជាពលរដ្ឋដែលរត់គេចតំបន់ព្រំដែន មានមួយចំនួនបានទៅស្នាក់នៅផ្ទះបងប្អូន រីឯមួយចំនួនទៀតបានស្នាក់នៅតាមវត្តអារាម និងតាមសាលារៀន។
លោកបានបន្តថា ប្រជាពលរដ្ឋដែលភៀសខ្លួន មកស្នាក់បណ្ដោះអាសន្ននៅក្នុងស្រុកបវេល ក្នុងពេលនេះ មានមកពីស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ហើយក៏មានមួយចំនួនមកពិស្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យដែរ ។ បើគិតត្រីមម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៦ កក្កដា មានប្រជាពលរដ្ឋជាង១៤០គ្រួសារហើយ ដែលមកពីតាមបណ្ដាស្រុកខាងលើនេះ បានមកស្នាក់បណ្ដោះអាសន្ននៅតាមតំបន់សុវត្ថិភាពនានា ក្នុងស្រុកបវេល ក្រោមការជួយជ្រមជ្រែងគ្រប់បែបយ៉ាងពីសមត្ថកិច្ច និង អាជ្ញាធរដែនដី។

បើតាមលោកសុខ សារិន បានបញ្ជាក់ថា ពេលនេះ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន នៅតែធ្វើដំណើរចាកចេញពីផ្ទះជាបន្តបន្ទាប់នៅឡើយ ដើម្បីស្វែងរកទៅកន្លែងសុវត្ថិភាព។ តាមការពិនិត្យជាក់ស្ដែង នៅក្នុងស្រុកបវេល ទីតាំងដែលទទួលពលរដ្ឋភៀសខ្លួនច្រើនជាងគេក្នុងពេលនេះ គឺនៅក្នុងបរិវេណ វត្តខ្នាចរមាស ស្ថិតក្នុងឃុំខ្នាចរមាស ដែលពេលនេះមន្ត្រីរដ្ឋបានឃុំ ស្រុក និង មន្ត្រីមណ្ឌលសុខភាពផង បាននិងកំពុងចុះសួរសុខទុក្ខ និងណែនាំពីការផ្ដល់សេវាសុខភាពជូនដល់បងប្អូនដែលមានបញ្ហាសុខភាពយប់ព្រលប់ ៕
ចែករំលែកព័តមាននេះ