ទីក្រុងយេរូសាឡឹម៖ នៅទីបំផុត អ៊ីស្រាអែលនឹកឃើញជម្រើសថ្មីក្នុងការជួយសម្រួលបញ្ហាអត់-ឃ្លាននៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែលយល់ព្រមអនុញ្ញាតឱ្យរដ្ឋបរទេសអាចប្រើវិធីផ្ដល់ជំនួយមនុស្សធម៌សម្រាប់តំបន់នោះដោយទម្លាក់ពីលើអាកាសតាមឆ័ត្រយោង។ ខាងលើនេះជាការផ្សាយរបស់វិទ្យុកងទ័ពអ៊ីស្រាអែលដែលដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់យោធា។
អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅអ្នកនាំពាក្យយោធាអ៊ីស្រាអែលដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយ ឬបញ្ជាក់អំពីបញ្ហានេះឱ្យបានច្បាស់។ ប៉ុន្តែគ្មានការឆ្លើយតបទេ។ ប៉ុន្តែខាងក្រុមប៉ាឡេស្ទីនឆ្លើយតប។ ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាថ្លែងថាដោយសារតែការអត់-ឃ្លានដល់កម្រិតធ្ងន់ធ្ងរ មនុស្សជាងមួយរយនាក់ទើបតែដាច់ពោះស្លាប់ថ្មីៗនេះឯង។
បើតាមការស្រាវជ្រាវផ្នែកសុខាភិបាល សរីរៈរាងកាយរបស់មនុស្សយើងមានសារធាតុវីតាមីនច្រើនគួរសមដែរដើម្បីបម្រុងទុកនៅពេលអត់អាហារ។ ពោលគឺមនុស្សយើងអាចអត់អាហាររហូតដល់ច្រើនអាទិត្យទម្រាំស្លាប់។ ជាក់ស្ដែង ជនរងគ្រោះខ្លះដែលជាប់នៅក្រោមគំនរបាក់បែកក្រោយពេលបាក់រលំអគារ ឬគ្រោះរញ្ជួយដី ពួកគេអាចបន្តរស់បានមួយអាទិត្យ ឬយូរជាងនេះទម្រាំគេជួយសង្គ្រោះ។
បើតាមសារព័ត៌មានយូអេសអេ ធូដេ (USA Today) មនុស្សយើងអាចអត់អាហាររហូតដល់៣អាទិត្យទម្រាំដល់ពេលស្លាប់។ ដូច្នេះករណីជនជាតិប៉ាឡេស្ទីនស្លាប់ថ្មីៗនេះប្រហែលជាអត់អាហារមិនតិចថ្ងៃនោះទេ។ ចាប់ពីខែមីនាដោយសារគ្មានបទឈប់បាញ់ថ្មី អ៊ីស្រាអែលសម្រេចចិត្តហ៊ុមព័ទ្ធតំបន់ហ្កាហ្សាដើម្បីវាយក្រុមហាម៉ាស់ជាលក្ខណៈបង់មួយសំណាញ់តែម្ដង។ ប៉ុន្តែហាម៉ាស់នៅឡូកឡំជាមួយជនស៊ីវិល។ ដូច្នេះ អ៊ីស្រាអែលផ្ដាច់ស្បៀងក្រុមហាម៉ាស់ក៏ផ្ដាច់ទាំងជនស៊ីវិលថែមទៀត។
ក្រោយមក ដោយសារមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ អ៊ីស្រាអែលសុខចិត្តបន្ធូរបន្ថយលក្ខខណ្ឌខ្លះៗដើម្បីអនុញ្ញាតឱ្យដឹកស្បៀងអាហារចូលតំបន់ហ្កាហ្សា ប៉ុន្តែក្រោមលក្ខខណ្ឌតឹងតែង។ អ៊ីស្រាអែលថាខ្លួនត្រូវតែរឹតត្បិតចំពោះបញ្ហានេះដើម្បីកុំឱ្យជំនួយធ្លាក់ទៅក្នុងដៃរបស់ក្រុមហាម៉ាស់។ ដូចអង្គការអន្តរជាតិនានានិយាយមិនខុសទេ បញ្ហាអត់-ឃ្លានកម្រិតធ្ងន់ធ្ងរសឹងក្លាយជាគ្រោះទុរភិក្សបន្តកើតមាននៅតំបន់ហ្កាហ្សា។
បីអាទិត្យដើមខែកក្កដា (១-២១ កក្កដា) អង្គការយូនីសែហ្វថ្លែងថាខ្លួនទទួលព្យាបាលកុមារ៥ពាន់នាក់ដែលប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ ប្រធានអង្គការសុខភាពពិភពលោកថ្លែងថាតំបន់ហ្កាហ្សារងគ្រោះនូវអ្វីដែលលោកពិពណ៌នាថាជាការបង្អត់អាហារសិប្បនិម្មិតដោយស្នាដៃរបស់មនុស្ស (អ៊ីស្រាអែល) ដែលបិទខ្ទប់តំបន់ហ្កាហ្សា និងបិទខ្ទប់ជំនួយ។ នេះបើតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ