រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា ៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ព តាមបន្ទាត់ព្រំដែន ជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និង សប្បុរសជន លោក-លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តា ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែកក្នុងស្មារតី ភាតរភាពរបស់ប្រជាជាតិខ្មែរយើង ដែលជាខឿនការពារជាតិ ។
អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅសាលារាជធានីភ្នំពេញ អគារលេខ៦៩ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ ៖ PHNOM PENH CAPITAL HALL លេខ ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD) ៕


ចែករំលែកព័តមាននេះ