ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាត់ទុកទង្វើថៃឈ្លានពានជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់

23 ម៉ោង មុន

រាជធានីភ្នំពេញ៖ កម្ពុជា ចាត់ទុកទង្វើឈ្លានពាន និងការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃទាំងកំរោល និងឥតញញើត ដោយប្រើប្រាស់ ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសមកលើតំបន់ព្រំដែន និងទីតាំងប្រាសាទបុរាណ ជាការបំពាន…

រាជធានីភ្នំពេញ៖ កម្ពុជា ចាត់ទុកទង្វើឈ្លានពាន និងការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃទាំងកំរោល និងឥតញញើត ដោយប្រើប្រាស់ ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសមកលើតំបន់ព្រំដែន និងទីតាំងប្រាសាទបុរាណ ជាការបំពាន យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសម្បត្តិ បេតិកភណ្ឌប៉ុណ្ណោះទេ រួមទាំងបំពានច្បាប់អន្តរជាតិ គោលការណ៍ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុសញ្ញាអន្តរជាតិនានាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ដែលទាំងនេះកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាពក្នុងតំបន់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅតាមតំបន់ព្រំដែន រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

​ជាមួយគ្នានេះក្រសួងបានប្រកាសគាំទ្រចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយគតិបណ្ឌិត និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកបញ្ជាកងទ័ព ដោយផ្ទាល់ជាមួយ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងគ្រប់លំដាប់ថ្នាក់ និងសូមគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការគ្រប់ មុខសញ្ញា និងមធ្យោបាយ រួមទាំងការធ្វើលិខិតផ្លូវការស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ ដើម្បីសុំអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះក្រសួងបានប្តេជ្ញាយ៉ាងមោះមុតជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស កងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី និងសូមគាំទ្រផ្តល់កម្លាំងចិត្តដល់វីរកងទ័ព ខ្មែរនៅសមរភូមិជួរមុខ ដែលបាននិងកំពុងពុះពារយ៉ាងអង់អាចក្លាហានឥតរួញរាក្នុងបុព្វហេតុដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ