ខេត្តបាត់ដំបង ៖ មន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងថា ពលរដ្ឋខ្មែរប្រមាណ៥,០០០នាក់នឹងវិលត្រឡប់ពីប្រទេសថៃចូលប្រទេសកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង នៅថ្ងៃទី២៥ ខែកក្កដានេះ ខណៈដែលរដ្ឋបាលខេត្តបានត្រៀមរថយន្តរាប់សិបគ្រឿងរង់ចាំជាស្រេច នៅខាងមុខច្រកទ្វារព្រំដែន ដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះ ទៅកាន់លំនៅឋានរបស់ពួកគេ ។

មន្ត្រីដដែលបានប្រាប់ថា ពលរដ្ឋខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ បានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកំណើតវិញ នៅថ្ងៃទី២៥ កក្កដានេះ មានចំនួនប្រហែល៥,០០០នាក់ ។ ចំនួននេះ ហាក់ច្រើនជាងសព្វដង ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នាដោយអាវុធនៅតាមបន្ទាត់ព្រំដែនភាគពាយ័ព្យនៃប្រទេស ។
មន្ត្រីបានបញ្ជាក់ថា សម្រាប់តាមបណ្ដាច្រកទ្វារព្រំដែននានាក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដានេះ គឺច្រកទ្វារព្រំដែនអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀងបានបើកទ្វារទទួលពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលវិលត្រឡប់ពីប្រទេសថៃ ។ រដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីនៃស្រុកកំរៀង បានរៀបចំរថយន្តជាច្រើនគ្រឿង ដើម្បីរង់ចាំដឹកជញ្ជូនពលរដ្ឋខ្មែររាប់ពាន់នាក់នោះទៅកាន់ស្រុកកំណើតរបស់ពួកគេ ។

អភិបាលស្រុកកំរៀង លោក សុខ ដែន បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី២៥ ខែកក្កដាថា ពលរដ្ឋខ្មែរពិតជាបានវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកំណើតវិញច្រើនរាប់ពាន់នាក់មែន នៅថ្ងៃនេះ (២៥ ០៧ ២៥) តាមច្រកទ្វារព្រំដែនអន្តរជាតិ«ដូង»។ លោកអភិបាលស្រុក បានប្រាប់ដូច្នេះថា «បើតាមខ្ញុំទទួលព័ត៏មានបាន សម្រាប់ថ្ងៃនេះ ពលរដ្ឋខ្មែរដែលវិលចូលប្រទេសតាមច្រកទ្វារអន្តរជាតិ «ដូង» មានចំនួនយ៉ាងតិច៥,០០០នាក់ ។

បើគិតមកដល់ពេលនេះ (ត្រិមម៉ោង១២ថ្ងៃត្រង់) មានពលរដ្ឋខ្មែរឆ្លងព្រំដែនចូលមកដល់ទឹកដីខ្មែរបានប្រហែលពាក់កណ្ដាលហើយ ។ ហើយពួកគេនឹងបន្តឆ្លងព្រំដែនចូលមកជាបន្តបន្តាប់ទៀត» ។ កោះសន្តិភាព ៖ តើរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកកំរៀងបានត្រៀមអ្វីខ្លះ ដើម្បីជួយសម្រូលដល់ការធ្វើដំណើររបស់ពលករខ្មែរដ៏ច្រើនសន្ធឹកនេះ ?

លោក សុខ ដែន ៖ លោកអភិបាលខេត្ត និងក្រុមការងារបានរៀបចំរថយន្តជាច្រើនគ្រឿងរង់ចាំជាស្រេចរួចរាល់ហើយនៅខាងមុខច្រកទ្វារព្រំដែនតែម្ដង ដើម្បីដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅឋានរបស់ពួកគេនៅតាមបណ្ដាស្រុក ឬតាមបណ្ដាខេត្តនានា ។ ត្រង់ចំណុចនេះ លោកអភិបាលស្រុកក៏បានបញ្ជាក់ដែរថា បើតាមការពិនិត្យជាក់ស្ដែងលើមធ្យោបាយដឹកជញ្ជូននេះហាក់មិនគ្រប់គ្រាន់ទេ ។
លោកថា ដោយសារខ្វះខាតមធ្យោបាយដឹកជញ្ជូន ពេលនេះ លោកអភិបាលខេត្តបាត់ដំបងបានទំនាក់ទំនងទៅកាន់អាជ្ញាធរតាមបណ្ដា ខេត្តនានាដែលមានពលរដ្ឋរបស់ខ្លួនវិលត្រឡប់ពីប្រទេសថែដែរ ឲ្យជួយបញ្ជូនរថយន្ត មកជួយដឹកពលរដ្ឋខ្លួនផ្ទាល់តែម្ដង ពីមាត់ច្រកទ្វារព្រំដែនអន្តរជាតិ«ដូង» ទៅកាន់លំនៅឋានរបស់ពួកគេ ។

មិនតែប៉ុណ្ណោះ បើតាមលោក សុខ ដែន អភិបាលស្រុកកំរៀង ដដែល បានបញ្ជាក់ថា ពេលនេះលោកអភិបាលខេត្តបាត់ដំបង ក៏មានផែនការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលផងដែរសុំជួយបញ្ជូនរថយន្តដឹកអ្នកដំណើរមួយចំនួនរបស់រាជធានីភ្នំពេញ ដើម្បីជួយដឹកជញ្ជូនពលរដ្ឋ ទៅកាន់លំនៅឋាន ដែលនៅតាមបណ្ដាខេត្តឆ្ងាយៗ។ ពីព្រោះរដ្ឋបាលខេត្តខ្វះមធ្យោយបានដឹកជញ្ជូន ខណៈដែលពលរដ្ឋខ្មែរបាន និងកំពុងសម្រុកវិលចូលប្រទេសកំណើតវិញកាន់តែច្រើន ក្នុងពេលនេះ។
កម្លាំងកងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្កិចគ្នាដោយអាវុធជាថ្មីយ៉ាងកម្រោល ដែលបង្កហេតុមុនដោយពួកទាហានឈ្លានពានប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ។

ការប្ដូរគ្រា.ប់កាំភ្លើងគ្នាទាំងតូច ទាំងធំ ទៅវិញទៅមករវាងកងទ័ពកម្ពុជាជាមួយកងទ័ពឈ្លានពានរបស់ប្រទេសថៃនេះបានបន្តកាន់តែក្ដៅឡើងៗលាន់ពេញមេឃ ឥតដាច់រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ក្នុងតំបន់សមរភូមិ រាប់ពាន់គ្រួសារទាំងខាងភាគីកម្ពុជាទាំងខាងភាគីពួកឈ្លានពានបានរត់ចោលផ្ទះសម្បែង ។
ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ បើនិយាយដោយឡែកពីស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងវិញនាពេលនេះហាក់មានសភាពស្ងប់ស្ងាត់ ។ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់កម្ពុជាដែលមានតួរនាទីការពារបូរណភាពទឹកដីរបស់ខ្លួនបានត្រៀមលក្ខណៈជានិច្ចនៅតាមគោលដៅ ដើម្បីត្រៀមទប់ទល់នឹងពួកសត្រូវឈ្លានពាន ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងពលករខ្មែរដែលកំពុងវិលត្រឡប់ពីប្រទេសថៃចូលស្រុកកំណើតវិញ បើតាមលោក សុខ ដែន អភិបាលស្រុកកំរៀងបានថ្លែងដែរថា ពេលនេះ ស្ថានភាពតាមព្រំដែនភាគខាងលិចខេត្តបាត់ដំបងហាក់ស្ថិតក្នុងសភាពស្ងប់ស្ងាត់ជាធម្មតាទេ ។ ប៉ុន្តែពេលនេះ យើងកំពុងជួយដោះស្រាយបញ្ហាពលករខ្មែររាប់ពាន់នាក់ ដែលកំពុងវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកំណើត
ដើម្បីជួយរកមធ្យោបាយដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតរបស់ពួកគាត់វិញ ដោយសុវត្ថិភាព៕


ចែករំលែកព័តមាននេះ