ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ខាងភាគីថៃបានបើកទ្វារច្រកអន្តរជាតិនៅវេលាម៉ោង៩និង០០នាទីព្រឹក ហើយនឹងបិទទៅវិញនៅវេលាម៉ោង៣និង០០នាទីរសៀលដែលខុសពីសព្វមួយដឹង គឺភាគីថៃបើកច្រកទ្វារនៅវេលាម៉ោង៨និង០០នាទីព្រឹក ដោយបិទទៅវិញនៅវេលាម៉ោង៤និង០០នាទីរសៀល ខណៈដែលរដ្ឋបាលខេត្តប៉ៃលិន ក៏សូមជម្រាបជូនដំណឹងបន្ទាន់ដល់បងប្អូនប្រជាពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី ដែលកំពុងស្នាក់នៅធ្វើការនៅក្នុងប្រទេសថៃ ត្រូវប្រញាប់ធ្វើដំណើរមកទឹកដីប្រទេសខ្មែរស្រុកកំណើតវិញ ដោយសារតែស្ថានការបច្ចុប្បន្ននេះមើលទៅមិនស្រួលនោះទេ។

បើតាមប្រភពព័ត៌មានពីលោក សែត វិចិត្រ នាយករដ្ឋបាលខេត្តប៉ៃលិនបានឱ្យដឹងថា បន្ទាប់ពីសង្កេតមើលទៅស្ថានការណ៍ខាងភាគីថៃមិនប្រក្រតី ដោយសារតែខាងយោធាថៃបានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពកម្ពុជាកាលពីម្សិលមិញ ដែលធ្វើឱ្យខាងយោធាកម្ពុជាក៏បានតបតទៅវិញដែលធ្វើឱ្យមានការស្លាប់និងរបួសជាច្រើននាក់។

លោកបន្តទៀតថា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់បងប្អូនពលករក្មេង ចាស់ ប្រុស ស្រី ទាំងអស់ ដោយសារស្ថានភាពមិនល្អទាល់តែសោះនាពេលបច្ចុប្បន្ន។

ដូច្នេះ បើមិនមានការចាំបាច់ត្រូវស្នាក់នៅធ្វើការទីនោះទេ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតរបស់យើងវិញ បើសិនជាច្រកទ្វារផ្សេងៗនៅតាមព្រំដែនមានការបិទមិនឱ្យឆ្លងកាត់ទេ សូមនាំគ្នាធ្វើដំណើរមកឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

យើងបានរៀបចំក្រុមការងាររង់ចាំទទួល និងជួយសម្របសម្រួលដល់បងប្អូនពលករគ្រប់ពេលវេលា «ទោះបីមានឯកសារ ឬគ្មានឯកសារ»ក៏ដោយ។ លោកបញ្ជាក់ទៀតថា រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមរថយន្តក្រុងរួចជាស្រេច សម្រាប់ជូនបងប្អូនដែលកំពុងធ្វើដំណើរវិលត្រលប់ទៅស្រុកកំណើតវិញ ពោលគឺជូនដំណើររហូតដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃអ្វីនោះឡើយ។

លោកបន្ថែមទៀតថា ចំពោះករណីបងប្អូនប្រជាពលករខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ បើជួបបញ្ហាផ្សេងៗ ឬ មិនទាន់បើកប្រាក់ខែពីថៅកែ ហើយបើគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើងទេ តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជាមួយភាគីថៃ គឺជួយដោយឆន្ទះខ្មែរជួយខ្មែរតែមួយ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គេសង្កេតឃើញប្រជាពលករខ្មែរ និងប្រជាពលរដ្ឋថៃ ដែលស្នាក់នៅក្នុងទឹកដីខេត្តប៉ៃលិន បានធ្វើដំណើរទៅមកប្រទេសរៀងៗខ្លួនតាមច្រកទ្វារអន្តរជាតិព្រំ យ៉ាងរលូន ដោយគ្មានបញ្ហាអ្វីកើតឡើងនោះទេ៕
ចែករំលែកព័តមាននេះ